កម្ពុជាខ្វះទឹកធ្វើស្រែមែនទេបន្ទាប់ពីខេត្តពោធិ៍សាត់ ឥឡូវនេះអាជ្ញាធរខេត្តកំពង់ឆ្នាំងអំពាវនាវកសិករផ្អាកធ្វើស្រូវប្រាំងទៀត?

ខេត្តកំពង់ឆ្នាំង៖​​ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវផ្អាកការបង្កបង្កើនផលស្រូវប្រាំងក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់​​ ព្រោះទឹកមានលំហូរ ឬធារទឹក មានកម្រិតដែលមិនអាចផ្តល់ឱ្យក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយបន្តធ្វើស្រែប្រាំងបានទៀតទេ។​​ នេះបើយោងតាមការសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។  មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា៖​​ ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀតនោះ គឺអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន។​​ បើសិនជាបងប្អូនប្រជា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានព្រមានថា នឹងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំងនោះឡើយ បើកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹក ព្រោះជារៀងរាល់ឆ្នាំបរិមាណទឹកមានសម្រាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ។  សូមជម្រាបថា ​នេះមិនមែនជាខេត្តទីមួយដែលតម្រូវឱ្យផ្អាកការធ្វើស្រូវប្រាំង​​ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤​​ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានណែនាំដល់កសិករទាំងអស់ក្នុងខេត្តដែលកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤ នេះត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤។ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានព្រមានដូចគ្នាដែរថា ក្នុងករណីកសិករមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវលើបញ្ហាខ្វះទឹករបស់ប្រជាកសិករឡើយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង