គ្រប់គ្នាស្ងើចសរសើរជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

គ្រប់គ្នាបានស្ញើចសរសើរជប៉ុនមិនដាច់ពីមាត់ ចំពោះការដែលប្រទេសនេះអាចគ្រប់គ្រងស្ថានការណ៍បាន ដោយចាយពេលត្រឹម៩០វិនាទីប៉ុណ្ណោះដើម្បីជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះដែលកំពុងឆេះ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។  អ្នកជំនាញនិយាយថា ល្បឿននៃការជម្លៀសអ្នកដំណើរនិងសមាជិកអាកាសយានិក ចេញពីជើងហោះហើរ JAL516 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារទី២ខែមករា គឺជាអព្ភូតហេតុ និងសបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រព័ន្ធសង្គ្រោះបន្ទាន់របស់យន្តហោះ។ អ្នកជំនាញប្រាប់ CNA ថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមចាប់យករបស់របរពួកគេទេ។  ជំនួយការសាស្ត្រាចារ្យផ្នែកអាកាសចរណ៍និងវិស្វកម្មលោក Shawn Pruchnicki មកពីសាកលវិទ្យាល័យរដ្ឋ Ohio បានប្រាប់កម្មវិធី Asia First របស់ CNA នៅថ្ងៃពុធទី៣ខែមករាថា ល្បឿននៃការជម្លៀសគឺពិតជាអស្ចារ្យខ្លាំងណាស់។ ឧបសគ្គចម្បង សម្រាប់ការជម្លៀសមនុស្សចេញពីយន្តហោះគឺថា ពួកគេព្យាយាមចាប់យករបស់របរពួកគេ​ បើពួកគេធ្វើអ៊ីចឹងមែន គឺពិបាកជួយហើយ វាអាចយឺតពេល។  ចំណែកលោក Desmond Ross នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាសអៀរឡង់ Pegasus Aviation Advisors បានលើកឡើងថា ក្រុមហ៊ុននានាត្រូវមានវិញ្ញាបនប័ត្រសុវត្ថិភាពសកល ដើម្បី ញ្ជាក់ថា យន្តហោះដែលស្ថិតក្នុងគ្រាអាសន្នអាចជម្លៀសមនុស្សចេញបានក្នុងរយៈពេលតិចជាង៩០វិនាទី។ រឿងនេះអនុវត្តចំពោះយន្តហោះទាំងអស់ រួមទាំងយន្តហោះធំៗដូចជា Airbus A380 ផងដែរ។ស្របពេលជាមួយគ្នានោះ លោកក៏បានសរសើរអ្នកបម្រើការនៅលើយន្តហោះផងដែរ ចំពោះភាពវ័យឆ្លាតនិងរហ័សរហួន អាចដោះស្រាយបញ្ហាក្នុងគ្រាបន្ទាន់បែបនេះ ជាពិសេសនៅត្រង់ច្រកចេញពេលមានអាសន្ន។  លោក Ross បន្ថែមថា សម្ភារទំនើបៗដែលប្រើប្រាស់ក្នុងការផលិតយន្តហោះនេះ ក៏រួមចំណែកសំខាន់ក្នុងការជួយសង្រ្គោះអ្នកជិះផងដែរ។ លោកពន្យល់ថា យន្តហោះជំនាន់មុន ច្រើនតែមានវត្ថុងាយឆេះ ដូចជាកៅអីជាដើម។  ម្យ៉ាងវិញទៀត លោកបានចង្អុលទៅផ្សែងនៅក្នុងយន្តហោះដោយនិយាយថា វាជាសំណាងមួយដែរដែលភ្លាមៗនោះ ក្នុងយន្តហោះមិនមានផ្សែងក្រាស់ ធ្វើឲ្យអ្នកដំណើរមិនអាចស្រូបចូលខ្លាំង។  សូមបញ្ជាក់ជាថ្មី យន្តហោះ Airbus A350 បានបុកជាមួយយន្តហោះឆ្មាំសមុទ្រ ពេលចុះចតនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីហោះចេញពីទីក្រុង Sapporo ភាគខាងជើងជាមួយអ្នកដំណើរ ៣៦៧នាក់ និងសមាជិកអាកាសយានិក ១២ នាក់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង