បុរសម្នាក់បើករថយន្ត starex បោះពួយយ៉ាងលឿន បុករបាំងថ្មក្រឡាប់ផ្ងារជើង ស្របពេលម៉ូតូជិះពីក្រោយលឿន ជាន់ហ្រ្វាំងដួលរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកstarexមួយគ្រឿង បោះពួយយ៉ាងលឿនក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ចំណែករថយន្តក្រឡាប់ផ្ងារជើង កៀបជាប់តៃកុង ស្របពេលមានម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់ មកពីក្រោយចាប់ហ្រ្វាំងមិនទាក់ បុករថយន្តបន្ថែម បណ្តាលឲ្យរងរបួសស្រាល ចំណែកអ្នកបើករថយន្តរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ចំណុចមុខស្ថានទូតវៀតណាម លើផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។  បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាកstarexមួយគ្រឿង របស់ក្រុមហ៊ុនថ្នាំបាញ់មូស STOP ពាក់ផ្លាកលេខភ្នំពេញ 2BH-7206 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុមុខស្ថានទូតវៀតណាម ពុំដឹងថាបញ្ហាមកពីរថយន្ត ឫក៏អ្នកបើកបរនោះទេ ស្រាប់តែរេចង្កូតទៅឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងកៀបជាប់តៃកុងរងរបួសធ្ងន់ ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយវាយបំបែកកញ្ចក់ យកចេញមកខាងក្រៅ រួចដឹកទៅសង្រ្គោះភ្លាមៗផងដែរ។ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមកពីក្រោយរថយន្តចាប់ហ្រ្វាំងមិនទាន់ ក៏ទៅបុករថយន្តបន្ថែមរងការខូចខាតម៉ូតូយ៉ាងដំណំ។  បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលសង្កាត់បឹងត្របែក បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ត បង្កខាងលើទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង