អស្ចារ្យ! កីឡាការិនី ប៊ូ សំណាង ត្រូវកាសែត The Guardian បញ្ចូលក្នុងព្រឹត្តការណ៍កីឡាពិភពលោកដ៏អស្ចារ្យឆ្នាំ២០២៣
រាជធានីភ្នំពេញ ៖ ជារឿងដ៏អស្ចារ្យ និងភ្ញាក់ផ្អើលជាទីបំផុត បន្ទាប់ពីកីឡាការិនីរត់ប្រណាំងរបស់ប្រទេសកម្ពុជា ប៊ូ សំណាង ត្រូវបានកាសែត The Guardian ដ៏ល្បីរបស់ចក្រភពអង់គ្លេសរាប់បញ្ចូលក្នុងព្រឹត្តការណ៍កីឡាពិភពលោកដ៏អស្ចារ្យប្រចាំឆ្នាំ ២០២៣ របស់ខ្លួន។ ជឿជាក់ថា ប្រជាជាតិកម្ពុជាទាំងមូល រួមទាំងពិភពលោកច្បាស់ជានៅចង់ចាំមិនភ្លេចនោះទេ នៅពេលរំលឹកដល់ឈ្មោះកីឡាការិនីកម្ពុជា ប៊ូ សំណាង ដែលបានឆក់យកបេះដូងប្រជាជនកម្ពុជា និងជាតិសាសន៍ដទៃផ្សេងទៀតនៅលើពិភពលោក ចំពោះការតស៊ូ និងការតាំងចិត្តខ្ពស់របស់កីឡាការិនីរូបនេះ។ កីឡាការិនី ប៊ូ សំណាង បានតស៊ូរត់លើវិញ្ញាសាចម្ងាយ៥,០០០ម៉ែត្រ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡាដ្ឋានមរតកតេជោ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្រោមដំណក់ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់ទី បើទោះបីជាដឹងថា លទ្ធផលចាញ់គេទៅហើយយ៉ាងណាក្តី ដោយ សំណាង បានបញ្ចប់ការរត់នៅក្នុងថេរវេលា ២២នាទី និង ៥៤.២២វិនាទី ហើយនៅពេលបញ្ចប់ទី កីឡាការិនីរូបនេះ បានស្រក់ទឹកភ្នែកភ្លាមៗតែម្តង។ វីដេអូការរត់របស់កីឡាការិនី ប៊ូ សំណាង ត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិល្បីល្បាញជាច្រើននៅជុំវិញពិភពលោកយកទៅចុះផ្សាយ ដោយភ្ជាប់ជាមួយពាក្យកោតសរសើរចំពោះការតស៊ូ ដែលមិនបោះបង់រត់ក្រោមភ្លៀងរហូតបញ្ចប់ទីរបស់កីឡាការិនីរូបនេះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់កីឡាការិនី ប៊ូ សំណាង បានលេចឡើងសារជាថ្មីម្តងទៀតលើកាសែត The Guardian ដោយកាសែតដ៏ល្បីរបស់ចក្រភពអង់គ្លេសមួយនេះ បានរាប់បញ្ជូនសកម្មភាពកីឡាការិនីរត់របស់កម្ពុជារូបនេះ ទៅក្នុងព្រឹត្តការណ៍កីឡាពិភពលោកដ៏អស្ចារ្យប្រចាំឆ្នាំ ២០២៣ ឬ The amazing world of sport 2023 របស់ខ្លួន។ សំណេរកាសែត The Guardian បានសរសេរថា «កាលពីខែឧសភា កីឡាការិនី ប៊ូ សំណាង របស់កម្ពុជាបានបញ្ចប់វិញ្ញាសា ៥,០០០ម៉ែត្រផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងភ្នំពេញ បើទោះជាត្រូវខ្យល់ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ។ សំណាងមិនអាចឈ្នះការប្រកួតដោយចាញ់ថេរវេលា៦នាទី បន្ទាប់ពីអ្នកឈ្នះបានបញ្ចប់ទី នៅពេលភ្លៀងចាប់ផ្តើមធ្លាក់មកលើរូបនាង។ អត្តពលិករូបនេះ បានយកឈ្នះដោយចិត្តអ្នកគ្រប់គ្នា និងអរគុណអ្នកគាំទ្រដែលតែងតែគាំទ្រនាង។ នាងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយជាមួយថេរវេលា ២២នាទី ៥៤.២២វិនាទី»៕ សម្រួលដោយ ទៀង បុណ្ណរី