ហាងឆេងមាសក្រឡុកខ្លាំង ដូច្នេះអ្នករកស៊ីមាសត្រូវប្រយ័ត្ន
ហាងឆេងមាសនៅដើមឆ្នាំ២០២៤ បានហក់ឡើងខ្លាំង ប៉ុន្តែត្រឹមតែពីរថ្ងៃវាបានស្រកចុះបន្តិចវិញ ដោយសារតែបញ្ហាផ្សេងៗរហូតដល់អ្នកជំនាញបានព្រមានថា ការវិនិយោគនៅលើមាសអាចនឹងមានហានិភ័យខ្ពស់ពីព្រោះតែការប្រែប្រួលតម្លៃវាលឿនពេក ។ តម្លៃហាងឆេងមាស នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានស្រុតចុះបន្តិចពោល គឺ ប្រមាណជា០,២០ភាគរយ មកនៅត្រឹម២.០៥៨ ដុល្លារនៅក្នុងមួយអោន ឬប្រមាណជា ២.៧៣៧ ដុល្លារនៅក្នុងមួយតម្លឹង ។ នៅក្នុងសភាពការណ៍ប្រែប្រួលលឿន និងរហ័សនេះ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថា វិនិយោគិនមាសរំពឹងថា តម្លៃមាសនឹងប្រែប្រួលខ្លាំង នៅក្នុង ឆ្នាំ២០២៤នេះដោយសារតែមូលដ្ឋានគ្រឹះនៃការធ្លាក់ចុះអត្រា ការប្រាក់របស់សហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយ និងការប្រមូលទិញរបស់ធនាគារកណ្តាលនានា ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពនេះ អ្នកជំនាញបរទេសបានព្រមានថា ដោយសារតែទីផ្សារអាចប្រែប្រួលខ្លាំង ដូច្នេះការធ្វើការវិនិយោគ ឬក៏ជួញដូរមាស គឺត្រូវតែ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមិនដូចនេះទេ វាអាចនឹងប្រថុយប្រថានខ្ពស់ និងការខាតបង់ ។ លោក អូល ហានសេន (Ole Hansen) អ្នកជំនាញនៅធនាគារ សាហ្សូ (Saxo Bank) ដែលមានមូលដ្ឋាននៅហូឡង់បាននិយាយថា តម្លៃមាសកាលពីឆ្នាំ២០២៣ គឺមាន កំណើនកើនឡើងល្អនៅឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ នឹងបន្តកើនឡើងថែមទៀត ដោយសារតែសន្ទុះនៃការប្រមូលទិញស្តុកមាសដោយធនាគារកណ្តាលនានា ។ តាមការស្ទង់មតិដែលបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា តម្លៃ មាសនៅក្នុងឆ្នាំ២០២៤ នឹងមានតម្លៃជាមធ្យមប្រមាណជា១.៩៨៦ ដុល្លារនៅក្នុងមួយអោន ឬប្រមាណជា២.៦៤១ ដុល្លារនៅក្នុងមួយតម្លឹង ។ ដោយឡែកតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក J.P. Morgan វិញបានធ្វើការព្យាករណ៍ មួយ ទៀតថា សម្រាប់មាសនៅពាក់កណ្តាលឆ្នាំ២០២៤ អាចឡើងដល់២.៣០០ ដុល្លារនៅក្នុង មួយអោន ឬ៣.០៥៩ ដុល្លារនៅក្នុងមួយតម្លឹង រីឯធនាគារ UBS បានព្យាករណ៍ថា មាសនឹងមានតម្លៃត្រឹម ២.១៥០ ដុល្លារនៅក្នុងមួយអោនឬឡើងដល់ត្រឹមតែ ២.៨៥៩ ដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤ នេះ ។ នេះគឺជាការព្យាករណ៍នៅលើទីផ្សារមាសនៅអន្តរជាតិ ដោយឡែកសម្រាប់តំបន់វិញ ជាពិសេស គឺនៅវៀតណាម និងថៃ តម្លៃមាសបានកញ្ជ្រោលឡើងខ្លះនៅដើមឆ្នាំ២០២៤។ សារព័ត៌មានវៀតណាមញូវបានរាយការណ៍ថា មាសដុំនៅវៀតណាមនៅដើមឆ្នាំ២០២៣ នេះ គឺបានបញ្ជ្រោលឡើងរហូតដល់ទៅ ៣.៤១៩ ដុល្លារនៅក្នុងមួយតម្លឹង ហើយដោយសារតែស្ថានភាពនេះវាឡើងខ្លាំង ធនាគារកណ្តាលវៀតណាមបានរំលឹកប្រជាពលដ្ឋឲ្យប្រុងប្រយ័ត្ន នៅក្នុងការធ្វើជំនួញមាស ។ លោក ដាវ ហ្សាន់ ធួន ( Đào Xuân Tuấn) ប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ បរទេសរបស់ធនាគាររដ្ឋវៀតណាមបានអះអាងថា នៅពេលនេះធនាគារនឹងបន្តសម្រប សម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងការត្រួតពិនិត្យលើអាជីវកម្មមាស ។ លោកបានបន្តថា ដោយឡែកខាងធនាគារបានកំពុងរៀបចំវិធានការនានាដើម្បីរក្សាស្ថិរភាព ទីផ្សារមាសក្នុងស្រុក ដោយសំដៅលើការកើនឡើងនៃការផ្គត់ផ្គង់មាសដែលមានម៉ាក និងចុះបញ្ជីត្រឹមត្រូវ ។ នៅថៃឯណោះវិញកាសែតបាងកក ប៉ុន្តែបានអះអាងថា តម្លៃមាសក៏ស្ទុះឡើងមិនធម្មតាដែរ ដោយមួយតម្លៃចូលប្រមាណជា៣.០៦០ ដុល្លារនៅក្នុងមួយតម្លឹង ។ លោក គ្រីតឆារ៉ាត ហ៊ីរ៉ានយាស៊ីរី (Kritcharat Hiranyasiri) ប្រធានសមាគមអ្នកជំនួញមាសថៃបានឲ្យដឹងថា ប្រាក់ដុល្លារបាននឹងកំពុងធ្លាក់ចុះ ខណៈដែលទីផ្សាររំពឹងថាវដ្តនៃការដំឡើងអត្រាការប្រាក់នឹងបញ្ចប់ ហើយធនាគារកណ្តាលមួយចំនួននៅជុំវិញពិភពលោកកំពុងរង់ចាំពេលវេលាត្រឹមត្រូវ ដើម្បីកាត់បន្ថយអត្រាការប្រាក់ ដូច្នេះហើយបានជាមាសវាកម្រើកឡើង ៕ សម្រួលដោយ ទៀង បុណ្ណរី