ពងកន្ធាយក្បាលកង្កែបដែលជាប្រភេទជិតផុតពូជប្រមាណ៣០គ្រាប់ ត្រូវបានសហគមន៍នេសាទខេត្តក្រចេះប្រគល់ឱ្យអង្គការសមាគមអភិរក្សសត្វព្រៃ
ខេត្តក្រចេះ៖ ក្រុមការងារនៃអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានទទួលពងកន្ធាយក្បាលកង្កែប ដែលជាប្រភេទជិតផុតពូជនៅលើផែនដី ចំនួន២៩គ្រាប់ពីសមាជិកសហគមន៍នេសាទខេត្តក្រចេះ ។ នេះបើយោងតាមការឱ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។អង្គការសមាគមអភិរក្សសត្វព្រៃ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ ក្រុមការងារបច្ចេកទេសប្រចាំខេត្តក្រចេះ នៃអង្គការសមាគមអភិរក្សសត្វព្រៃកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅបានទទួលកូនកន្ធាយក្បាលកង្កែបចំនួនមួយសម្បុកធំពីសមាជិកសហគមន៍នេសាទ ដែលមានពងសរុបចំនួន២៩គ្រាប់ដែលជាសម្បុកទីមួយក្នុងរដូវកាលពងកូនឆ្នាំ២០២៤ ត្រូវបានរកឃើញនៅចន្លោះពីស្រុកសម្បូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ។ សម្បុកកន្ធាយក្បាលកង្កែប នេះត្រូវបានក្រុមការងារបច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុកធ្វើការវាស់វែងប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។ បន្ថែមលើនេះ អង្គការសមាគមអភិរក្សសត្វព្រៃ បានបន្តឱ្យដឹងថា ការចាប់ ការប្រមូលពង ការលក់ ការទិញ ការហូប ការរក្សាទុក និងការដឹកជញ្ជូនកន្ធាយក្បាលកង្កែបពីដែនទឹកធម្មជាតិ ជាអំពើល្មើសច្បាប់ ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ សូមជម្រាបថា សត្វកន្ធាយក្បាលកង្កែប ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក៕ សម្រួលដោយ ទៀង បុណ្ណរី