វាយខ្នោះឧត្តមសេនីយ៍ម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង

TNM(ភ្នំពេញ) ៖ ​របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន ៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។

២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។

៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង