កន្លះខែចុងក្រោយនេះ ឈ្មួញវៀតណាមសម្រុកទិញដំឡូងមីពីកសិខ្មែរយ៉ាងគំហុក
ខេត្តស្វាយរៀង ៖ ឈ្មួញវៀតណាមសម្រុកប្រមូលទិញដំឡូងមីពីប្រជាកសិករខ្មែរយ៉ាងគំហុក នាពេលកន្លះខែចុងក្រោយនេះ ដោយទិញដំឡូងមីក្នុង១គីឡូក្រាមតម្លៃ៥០០រៀល មិនធ្លាប់មានបើប្រៀបធៀបទៅប៉ុន្មានឆ្នាំកន្លងមក ហើយដំឡូងមីទើបតែមានទីផ្សារ និងមានតម្លៃខ្ពស់នៅក្នុងឆ្នាំ២០២៣ នេះបើតាមប្រជាពលរដ្ឋអ្នកលក់ដំឡូងមីបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៧ ធ្នូ ២០២៣ ថា នៅច្រកទ្វាតំបន់ព្រំដែនដូង ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ។ បើតាមក្រុមអាជីវករបានលើកឡើងថា នៅខែធ្នូ២០២៣នេះ ដំឡូងមីមានទីផ្សារល្អ ដោយប្រទេសវៀតណាម គេមានតម្រូវការខ្ពស់ ហើយបានបង្កើតរោងចក្រកែឆ្នៃដំឡូងមីនៅជិតប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែកនេះ ដូច្នេះ អាជីវករខ្មែរយើងបានដឹកដំឡូងមី ទៅដល់រោងចក្រវៀតណាមផ្ទាល់តែតែម្តង ។ ប្រភពបន្តថា មួយរយៈចុងក្រោយនេះ ឈ្មួញវៀតណាមសម្រុកចូលមកទិញដំឡូងមីដល់ផែខ្មែរ នៅជិតព្រំដែននៃប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូង ហើយតម្លៃគឺទៅតាមប្រភេទម្សៅដំឡូង បើម្សៅល្អបានតម្លៃជាង៥០០រៀលក្នុង១គីឡូក្រាមបើ បើមិនសូវល្អបានតម្លៃ៥០០រៀលក្នុង១គីឡូក្រាម ។ ចំណែកក្រុមអ្នកបើកបររថយន្តវិញបានលើកឡើងថា ការនាំចេញដំឡូងមីនេះ គឺទីផ្សារស្ថិតនៅលើថៅកែចំណតផែ ចំពោះពួកគាត់អ្នកបើកបររថយន្តបានទទួលកម្រៃជើងសារ គិតជាតោន គឺក្នុង១តោន៧ម៉ឺនរៀល គឺប្រមូលទិញ ពីខេត្តព្រះវិហារ ដឹកមកស្រុករមាសហែកខេត្តស្វាយរៀង ។ ប្រភពបន្តទៀតថា ឈ្មួញប្រមូលទិញដំឡូងមីពីប្រជាកសិករផ្ទាល់នៅខេត្តព្រះវិហារ ក្នុង១គីឡូក្រាម៣៥០រៀល ទៅ៤០០រៀល តាមប្រភេទដំឡូង ដែលមានម្សៅតិច ឫច្រើន ។ ប្រភពបានលើកឡើងថា ចំពោះសេវាការដឹកជញ្ជូនមានភាពល្អប្រសើរ ការធ្វើចរាចរណ៍តាមដងផ្លូវមិនមានបញ្ហាអ្វីទេ គឺដោយសារថៅកែ គេជួយរត់ការតាមដងផ្លូវឱ្យ។ ទោះបីយ៉ាងណាក៏ដោយ អ្នកបើកបររថយន្តដឹកកសិផលដំឡូងមីក៏បានសំណូមពរដល់មន្ត្រីជញ្ជីង មេត្តាពិនិត្យនិងជួយសម្រួលផងទាន ដើម្បីឲ្យប្រជាពលរដ្ឋរកស៊ីនាំដំឡូងមី ទៅប្រទេសវៀតណាម ងាយស្រួល នោះ កសិផលប្រជាពលរដ្ឋកាន់តែនាំចេញបានច្រើន។ ចំណែកប្រជាកសិករនៅស្រុករមាសហែកវិញបានប្រាប់បណ្ដាញសារព័ត៍មានធីអិនអឹមថា មួយរយៈចុងក្រោយនេះ ឈ្មួញសម្រុកនាំដំឡូងមីចេញទៅប្រទេសវៀតណាមផ្ទាល់តែម្តង ។ រីឯប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែកបច្ចុប្បន្ន គ្មានដំឡូងមីលក់ទៀតទេ គឺកំពុងតែដាំឡើងវិញ ដោយប្រជាកសិករទើបតែដកដំឡូវមី រួចកាលពីខែវិច្ឆិកា ២០២៣កន្លងទៅ ហើយបានដឹកចេញទៅលក់ឲ្យរោងចក្រវៀតណាមផ្ទាល់បានតម្លៃជាង៥០០រៀលក្នុង១គីឡូក្រាម ។ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះពេល អ្នកសារព័ត៌មានយើងកំពុងថតយករូបភាព មានមន្ត្រីនគបាលវរការពារព្រំដែនម្នាក់ ជានាយរងប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូងបាន និយាយគំរាមអ្នកសារព័ត៌មានយើងថា លោកឯងមកថតអី មកបង្កឲ្យមានអសន្តិសុខនៅតាមព្រំដែនឫ? អ្នកសារព័ត៌មានយើងហួសចិត្ត ហើយបានឆ្លើយតបទៅវិញថា ពួកខ្ញុំជាអ្នកយកព័ត៌មាន ថតរូបភាពផ្សាយពីកសិផលដំឡូងមី របស់ប្រជាពលរដ្ឋ មានទីផ្សារ មិនមែនមកបង្កអសន្តិសុខតាមព្រំដែនទេ ពួកខ្ញុំមានតែពីបីនាក់ គ្មានអាវុធទេ មានតែកាមេរ៉ា ថតយករូបភាពផែស្តុកដំឡូងមី និងរថយន្តដឹកដំឡូងមីតែប៉ុណ្ណោះទាន ប៉ុន្តែមន្ត្រីរូបនោះនៅតែបញ្ចេញភាពច្រង៉េងច្រង៉ាងដាក់អ្នកសារព័ត៌មានយើងទៀត ។ ក្នុងខណៈនោះដែរ ប្រជាពលរដ្ឋដែលរកស៊ីនៅជិតច្រកទ្វារតំបន់ព្រំដែនដូងបានសំណូមពរថា សូមឲ្យឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង មេត្តាពិនិត្យ ហើយគួរតែ ដាក់មន្ត្រីនគបាលអន្តោប្រវេសន៍ មកធ្វើការនៅច្រកទ្វារតំបន់ព្រំដែនដូងនេះ ។ ដោយបច្ចុប្បន្ន មានប្រជាពលរដ្ឋអាជីវករខ្មែរ និងអាជីវករវៀតណាមឆ្លងដែនចេញចូលរកស៊ីច្រើន ហើយមន្ត្រីនគបាលអន្តោប្រវេសន៍លោកមានជំនាញបំពេញបែបបទឯកសារបានត្រឹមត្រូវ មានក្រមសិលធម៌ល្អ ដើម្បីធានា និងទំនុកចិត្តដល់ប្រជាពលរដ្ឋនិងអាជីវករឆ្លងដែនចេញចូលរកស៊ី ទាំងខ្មែរយើងនិងជនបរទេសមករកស៊ីច្រើន។ ទាក់ទិនករណីនេះដែរ លោក សៅ វណ្ណា នាយប៉ុស្តិ៍ច្រទ្វាតំបន់ព្រំដែនដូងបានមានប្រសាសន៍ថា ពិតជាមានមន្ត្រីនគបាលរបស់លោកមាសម្តីមិនល្អ ជាមួយអ្នកសាព័ត៌មានយើងមែន គឺលោកនាយរងប៉ុស្តិ៍ម្នាក់លោកបានហៅទៅណែនាំអប់រំ ហើយនិងបញ្ឈប់ឲ្យយាមមួយរយៈ ។ សម្រួលដោយ ទៀង បុណ្ណរី