អភិបាលខេត្តស្ទឹងត្រែងចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយសែនជ័យមានចំនួន៤០៥គ្រួសារ
ខេត្តស្ទឹងត្រែងៈ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារមានពិការភាព ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង មាន ចំនួន៤០៥គ្រួសារ។ ឯកឧត្តម ស្វាយ សំអ៊ាង និងមន្រ្តីពាក់ព័ន្ធនៃមន្ទីរអង្គភាពជុំវិញខេត្តបានចុះចែកអំណោយដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនងាយរងគ្រោះដោយគ្រោះធម្មជាតិ ដែលមកពីភូមិព្រះរំកិល មានចំនួន២០០គ្រួសារ និងឃុំអូរស្វាយចំនួន២០៥គ្រួសារ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា អំណោយមនុស្សធម៌ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់តាមរយះមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទាខេត្ត គឺបានជួយមួយចំណែកសំរាប់ប្រជាពលរដ្ឋជួបការលំដាប់ដូចជាប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនងាយរងគ្រោះដោយគ្រោះធម្មជាតិ ។ ម្យ៉ាងវិញទៀត ឯកឧត្តមស្វាយ សំអ៊ាងអភិបាលខេត្ត ក៏បានពាំនាំផ្តាំផ្ញើ ការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបុរីអូរស្វាយសែនជ័យនៃខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថាៈ ការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាទិសដៅអាទិភាពក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ និងការឆ្លើយតបជាមួយគោលនយោបាយ ផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពុងខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ដោយបាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ការចែកអំណោយតាមរយៈ មន្ទីរសង្គមកិច្ច អតីត យុវជន និងយុវនិតិសម្បទាខេត្ត និងការចែកអំណោយរបស់សប្បុរសជននានា។ ទទឹងនិងនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានជម្រុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដំណាំកសិកម្ម កសិឧស្សាហកម្ម ការចិញ្ចឹមសត្វ ដើម្បីបានផលទាំងនោះមកលក់នៅទីផ្សារ ជួយកាត់បន្ថយជីវភាពលំបាក់បានមួយកំរិតផងដែរ។
សូមបញ្ជាក់ផងដែរថា អំណោយដែលចុះចែកជូនដល់ដៃប្រជាពលរដ្ឋចំនួន៤០៥គ្រួសារខាងលើនោះគឺទទួលបាន អង្ក២៥គីឡូក្រាម មី ១កេះ ទឹកត្រីមួយយួរ ត្រីខមួយយួ និងភួយមួយ៕ សម្រួយលដោយ ទៀង បុណ្ណរី