ឈ្មួញ​វៀតណាម​មានតម្រូវការខ្ពស់ សម្រុក​​មក​ទិញ​​​ស្រូវ​និង​ចុងអង្ករ​ខ្មែរដើម្បីនាំចេញបន្ត

ខេត្តស្វាយរៀង ៖ រយៈពេល​២​ខែ​នេះ ឈ្មួញ​វៀតណាម​សម្រុកចូល​មក​ទិញ​ស្រូវ និង​ចុងអង្ករ​ខ្មែរ​ដល់​ផែ​ស្រូវ​ប្រឡាយ​ទាហាន​នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្ល៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ័​ល្ល៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ក្នុង​១​ថ្ងៃ​ៗ​គឺ​មាន​កាណូត​ប៉ុក​ចៃ​ធំ​ៗ២០​ទៅ​៣០​គ្រឿង​ចូល​មក​នាំ​ស្រូវ និង​ចុងអង្ករ​ចេញ​ទៅ​ប្រទេស​វៀតណាម ចាប់ពី​៦០០​តោន​ទៅ​១,០០០​តោន​ក្នុង​១​ថ្ងៃ ។  បើ​តាម​អាជីវករ​រកស៊ី​នៅ​ស្រុក​កំពង់​រោ​ទិ៍​បាន​ប្រាប់សារព័ត៍មាន ធី អិន អឹម កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ២០២៣ ថា ពួក​គាត់​សប្បាយចិត្ត​ខ្លាំង​ណាស់ ដោយ​ស្រូវ​វស្សា​ឆ្នាំ​នេះ មាន​ទីផ្សារ​ល្អ​តម្លៃ​មាន​លំនឹង ស្រូវ​K59 តម្លៃ​១,២៥០ ទៅ​១,៣០០​រៀល​ក្នុង​១​គីឡូក្រាម ស្រូវ​ក្រអូប ផ្កាម្លិះ ផ្ការំដួល ស្រូវ​សែន​ក្រអូប តម្លៃ​១,៥០០​រៀល​ក្នុង​១​គីឡូក្រាម ។ រីឯ​ចុងអង្ករ​ពួក​គាត់​មិនដឹង​តម្លៃ​ទេ ថៅកែ​គេ​ប្រមូល​ទិញ​ពី​រាជធានី​ភ្នំពេញ និង​តាម​រោង​ម៉ាស៊ីន​នានា​តាម​បណ្តា​ខេត្ត ក្នុង​១​ថ្ងៃ​នាំ​ចេញ​ចុងអង្ករ​ចំនួន​២២៨​តោន​ទៅ​ប្រទេស​វៀតណាម ។  ប្រភព​បន្ត​ថា ដោយ​ប្រទេស​វៀតណាម​មាន​តម្រូវការ​ស្រូវ​អង្ករ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ច្រើន ឈ្មួញ​វៀតណាមបាន​សម្រុកចូល​មក​ប្រមូល​ទិញ​ស្រូវ និង​ចុងអង្ករ​ខ្មែរ​យើង​ដល់​ផែ​កាណូត​ប្រឡាយ​ទាហាន​តែ​ម្តង ។ ប្រភព​បន្ត​ថា ស្រូវ​មាន​តម្លៃ​ថ្លៃ​គួរសម​ស្រូវ ស្រែ ស្រូវ​ក្រសាំងទាប (​បាយ​រឹង​)​វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​១,២៥០​រៀល ស្រូវ​K59 តម្លៃ​១,២៥០ រៀល​ទៅ​១,៣០០​រៀល ចំណែក​ស្រូវ​ក្រអូប ដូច​ជា ស្រូវ​ផ្កាម្លិះ ស្រូវ​ផ្ការំដួល និង​ស្រូវ​សែន​ក្រអូប ក្នុង​១​គីឡូក្រាម​តម្លៃ​១,៥០០​រៀល ។  ជា​ពិសេស ស្រូវ​វស្សា​ខ្មែរ​យើង មិនសូវ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ច្រើន គឺ​មាន​បាញ់ថ្នាំ​សម្លាប់​ស្មៅ (​ឲ្យ​ស្មៅ​ងាប់​) រួច​ភ្ជួ​រាស់ សាបព្រោះ​ស្រូវ ហើយ​ដាក់​ជី​តែ​ម្តង រហូត​ទទួលផល​ច្រូតកាត់ ដូច្នេះ​អង្ករ​ខ្មែរ​មានគុណ​ភាព​ខ្ពស់​ជាង​អង្ករ​វៀតណាម​ដែល​គេ​ប្រើ​ថ្នាំ​កសិកម្ម​ច្រើន (​ជី និង​ថ្នាំ​ច្រើន​) ។ ឈ្មួញ​វៀតណាម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា នៅ​ប្រទេស​វៀតណាម​មាន​តម្រូវការ​ស្រូវ​/​អង្ករ ខ្ពស់ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ស្រូវ​ខ្មែរ​ផលិត​អង្ករ​មានគុណ​ភាពល្អ ទើប​រដ្ឋាភិបាល​វៀតណា​ម​ឱ្យ​អាជីវករ​ប្រមូល​ទិញ​ស្រូវ​ខែ្ម​រ ដើម្បី​ផលិត​អង្ករ​នាំ​ចេញ​។  ប្រភព​បន្ត​ថា ចំណែក​ចុងអង្ករ គឺ​មាន​ថៅកែ​ផ្សេង​គេ​មិន​បាន​ប្រាប់​តម្លៃ​ទេ គឺ​ក្រុមហ៊ុន​វៀតណាម​គេ​កុងត្រា ជាមួយ​ក្រុមហ៊ុន​ខ្មែរ កំណត់​ក្នុង​១​ថ្ងៃ ឫ​២​ថ្ងៃ ត្រូវការ​ចុងអង្ករ​ជាង​២០០​តោន យក​ទៅ​ចូល​រោងចក្រ​កែរ​ឆ្នៃ ធ្វើ​ជា​ចំណីអាហារ (​ធ្វើ​នុំ បាញ់​ស៊ុ​ង បាញ់ហយ​)​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំ​ចេញ​មក​ប្រទេស​ខ្មែរ​វិញ ។  ប្រភព​បន្ត​ទៀត​ថា ទោះបី​បង់លុយ​ក្បាលទូក​ក៏​ដោយ អាជីវករ​វៀតណាម​នៅ​តែ​ចូល​មក​ទទួល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ​ដែរ ដោយ​ស្រូវ​វៀតណាម​មាន​តម្លៃ​ខ្ពស់ ចំណែក​ស្រូវ​ខ្មែរ​មានគុណ​ភាពល្អ ជា​ពិសេស​ប្រទេស​វៀតណាម មាន​តម្រូវការ​ស្រូវ​សម្រាប់​នាំ​ចេញ​ច្រើន ដូច្នេះ សំណូមពរ​សូម​ឲ្យ​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ជួយ​សម្រួល​ឲ្យ​អាជីវករ​វៀតណាម​បាន​ចូល​មក​ទិញ​ស្រូវ​អង្ករ​ខ្មែរ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ឲ្យ​កាន់តែ​បាន​ច្រើន ។   ចំណែក​មតិ​ខ្លះ​លើក​ឡើង​ថា ស្រូវ​អង្ករ​ខ្មែរ​មានគុណ​ភាព​ខ្ពស់ វៀតណាម​ទិញ​ស្រូវ​ខ្មែរ​ផលិត​អង្ករ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។ ចំណែក​អង្ករ​វៀតណាម សម្រាប់​លក់​ចែកចាយ​ផ្គត់ផ្គង់​ក្នុង​ប្រទេស ។  បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រយៈពេល​ជិត​០២​ខែ​មកនេះ គឺ​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា ២០២៣ មក​ដល់​ថ្ងៃ​ទី​២៨ ធ្នូ ២០២៣​នេះ តម្លៃ​ស្រូវ​នៅ​មាន​លំនឹង​ល្អ ស្រូវ​វស្សា​ស្រូវ​ក្រសាំងទាប តម្លៃ​១,២៥០​រៀល​ក្នុង​១​គីឡូក្រាម​ស្រូវ​ក្រអូប ផ្កាម្លិះ ផ្ការំដួល និង​ស្រូវ​សែន​ក្រអូប​តម្លៃ​១,៥០០​រៀល​ក្នុង​១​គីឡូក្រាម​។  ប្រភព​បន្ត​ថា ជា​មធ្យម​ឈ្មួញ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម ក្នុង​១​ថ្ងៃ​ចាប់ពី​៦០០​តោន ទៅ​៧០០​តោន​។ ហើយ​ស្រូវ​វស្សា ក្នុង​ខេត្តស្វាយរៀង​បាន​ច្រូតកាត់​ប្រមូល​ផល​រួច​អស់ហើយ ចំពោះ​ស្រូវ​ដែល​កំពុង​នាំ​ចេញ​គឺ​នាំ​មក​ពី​បណ្តា​ខេត្ត​នានា គឺ​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ សៀ​បរាប និង​ខេត្តពោធិសាត់​ផង​ដែរ​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង