អាចជាដំណឹងមិនល្អសម្រាប់ចុងឆ្នាំនេះ ក្រោយកម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ ​«Omicron JN.1»៤ករណី

រាជធានីភ្នំពេញ៖​​ ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចេញពីសេចក្តីជូនដំណឹងពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួនបួនករណី។  ក្រសួងសុខាភិបាល បានគូសបញ្ជាក់ដោយយោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណីបច្ចុប្បន្ននេះអ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះមិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទគួរចាប់អារម្មណ៍មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្ភនោះទេ។  ជាមួយគ្នានោះ​​ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់ពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានារួមមាន៖​​ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬ ជែលលាងដៃ។​​ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើ ផ្នត់កែងដៃ ម៉ាស ក្រមា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាប់បិទជិត។    រីឯអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជា៖​​កុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នាព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ ឱ្យបានគ្រប់មូសដូស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរឿងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩។ ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប៕  សម្រួលដោយ   ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង