សិស្ស​កើនឡើង តែ​សាលា​ដ៏​កម្សត់​ខ្វះខាត​អគារ​ធ្វើ​ឱ្យ​សិស្ស​ខ្លះ​ត្រូវ​អង្គុយ​ផ្ទាល់​ឥដ្ឋ​ដើម្បី​សិក្សា

ខេត្តកំពង់ធំ ៖ នៅ​ក្នុង​ជី​វិ​.​តរបស់​មនុស្ស​ម្នាក់​ៗ គ្មាន​នរណា​ទទួល​បាន​ចំណេះដឹង ដោយ​មិន​ឆ្លងកាត់​សាលារៀន និង​ការ​បង្ហាត់បង្រៀន​ពី​លោកគ្រូ អ្នកគ្រូ ដែល​ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​ទី​២ នោះ​ទេ ។ ហេតុ​ដូច្នេះ​ហើយ ក្នុង​នាម​ជា​គ្រូ គឺ​តែងតែ​ចង់​ឃើញ​កូនសិស្ស​របស់​ខ្លួន​ល្អ មាន​សាលា និង​សម្ភារៈ​សិក្សា​គ្រប់គ្រាន់​។ ក្នុង​នោះ ក៏​ទាមទារ​ឱ្យ​សិស្ស​ទាំងឡាយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ដែល​បង្ហាត់បង្រៀន​ចេញពី​សំណាក់​លោកគ្រូ និង​អ្នកគ្រូ ពោល​គឺ​ចំណេះដឹង​ជា​ស្ពាន​ក្នុង​ការ​សម្រេច​គោលដៅ និង​បំណងប្រាថ្នា​រៀង​ៗ​ខ្លួន​។  ជាក់ស្ដែង កាល​ពេល​ថ្មី​ៗ​នេះ មានរឿង​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ទៅ​អ្នកគ្រូ​មួយ​រូប ដោយ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​ការ​ខ្វះខាត​ដូច​ជា តុ​អង្គុយ និង​អគារសិក្សា នៅ​តាម​គណនី​មួយ​មានឈ្មោះ​ថា «​កែវ ចិ​ន្ថា​» ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​គ្រូបង្រៀន​នោះ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​ខ្ញុំ​បង្រៀន​នៅ​សាលា​កំសត់​១​នេះ ជិត​១៧​ឆ្នាំ​មក​ហើយ ចំនួន​សិស្ស​ចេះ​តែ​កើន​រាល់​ឆ្នាំ តែ​សាលារៀន​មាន​តែ​១​អគារ​ដដែល​»​។   អ្នកគ្រូ​បន្ត​ថា «​ដោយសារ​តែ​ខ្វះ​ថ្នាក់ ទើបត្រូវ​ប្តូរ​វេន​គ្នា​បង្រៀន​ព្រឹកល្ងាច ក៏​នៅ​តែ​ខ្វះ​ថ្នាក់រៀន សិស្ស​ខ្លះ​ត្រូវ​រៀន​នៅ​ក្នុង​បណ្ណាល័យ ហើយ​ត្រូវ​អង្គុយ​ផ្ទាល់​ដី ដោយ​ក្រាប​សរសេរ​អក្សរ (​អាច​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​សិស្ស​ដែរ​)​។ សិស្ស​ខ្លះ​ទៀត ត្រូវ​អង្គុយ​រៀន​នៅ​ក្នុង​ទីចាត់ការ​បន្ទប់​តែ​មួយ តែ​អ្នកគ្រូ​បង្រៀន​ម្ខាង លោកនាយក​គាត់​ធ្វើការ​ម្ខាង​។ ចំណែក​សិស្ស​ខ្លះ​ទៀត ក៏​មាន​តុ​អង្គុយ​រៀន តែ​ត្រូវ​អង្គុយ​រៀន​នៅ​ក្រៅ​ថ្នាក់ ដោយសារ​សិស្ស​ច្រើន​ពេក​»​។  ជា​ការ​ពិត​ណាស់ សិស្ស​ខ្លះ​មាន​កន្លែង​ល្អ​រៀន​ហើយ បែរជា​មិន​ចង់​រៀន ខ្លះ​មានការ​ខ្វះខាត​សព្វបែបយ៉ាង បែរជា​ចង់​រៀន ខិតខំ​ប្រឹងប្រែង​តស៊ូ ដូច​ជាតា​មរយៈ​រូបភាព​ដែល​បង្ហោះ​ដោយ​អ្នកគ្រូ​រូប​នេះ​ទៀត​សោត បើ​ទោះបីជា​ខាង​សាលា​មានការ​ខ្វះខាត​ក្តី តែ​ទាំង​គ្រូ ទាំង​សិស្ស​នៅ​តែ​ប្រឹង ដោយ​គ្រូ​ប្រឹង​ផ្តល់​ចំណេះ រីឯ​កូនសិស្ស​ខំ​ត្រង់ត្រាប់​ចំណេះ​ពី​គ្រូ ហេតុ​ដូច្នេះ​ហើយ ទើប​បានជា​មហាជន​ចំនួន​មានការ​អាណិតអាសូរ ក៏​បាន​ជួយ​ដល់​ខាង​សាលា​ប្អូន​ជា​ហូរហែ​ផង​ដែរ​។   តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកគ្រូ កែវ ចិ​ន្ថា បាន​ប្រាប់​អោយ​ដឹង​ថា «​សាលារៀន​ដែល​អ្នកគ្រូ​បង្រៀន គឺ​សាលា​បឋម​សិក្សា «​ជាន់​លែង ភូមិ​ថ្មី​» ដោយ​សាលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ជាន់​លែង ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​»​។  អ្នកគ្រូ កែវ ចិ​ន្ថា បាន​បន្ត​ថា «​សាលារៀន​ដែល​អ្នកគ្រូ​បង្រៀន​នេះ មានការ​ខ្វះខាត​ច្រើន ដូច​ជា ៖ តុ​សម្រាប់​កូនសិស្ស​អង្គុយ និង​អគារសិក្សា​តែ​ម្តង ដោយ​ត្រូវ​ប្តូរ​វេន​បង្រៀន​សិស្ស ហើយ​ជួនកាល​ទៅ​រៀន​នៅ​បណ្ណាល័យ​ក៏​មាន​ដែរ​។ ហើយ​បណ្ណាល័យ​នោះ​ទៀត​សោត គឺ​គ្មាន​តុ​ឡើយ ដូច្នេះ​កូនសិស្ស​ត្រូវ​អង្គុយ​ផ្ទាល់​ឥដ្ឋ អាច​និយាយ​បាន​ថា ពិបាក​ខ្លះ​ចំពោះ​កូនសិស្ស​អ្នកគ្រូ​នោះ​»​។ អ្នកគ្រូ កែវ ចិ​ន្ថា បាន​បន្ត​ទៀត​ថា «​អគារ​ដែល​អ្នកគ្រូ​បង្រៀន គឺ​មាន​៥​បន្ទប់ ហើយ​បន្ទប់​ដែល​បាន​ធ្វើ​ឡើង​នេះ គឺ​ធ្វើ​អំពី​ស័ង្កសី​ជា​រោងដោល ដូចនេះ​ពេល​បង្រៀន ឬ​អោយ​កូនសិស្ស​អាន ឬ​មួយ​ក៏​សូត្រ​មេលេខ​ម្ដង​ៗ​នោះ គឺ​ថ្លង់​តែ​ម្ដង ដោយ​សម្លេង​ចូល​គ្នា មិនដឹង​ថា តើ​ស្តាប់​មួយ​ណា ចោល​មួយ​ណា​នោះ​ទេ0x017d7​។ ហើយ​ចំពោះ​រដូវប្រាំង គឺ​ក្តៅ​ខ្លាំង លុះដល់​ពេល​រដូវវស្សា​វិញ គឺ​ភ្លៀង​មក​លេង ឬ​ក៏​ជ្រាប​ទឹកជា​ដើម ពោល​គឺ​សាលា​ដែល​អ្នកគ្រូ​បង្រៀន​នេះ មិន​ងាយស្រួល​នោះ​ឡើយ​»​។ បន្ថែម​ពី​នេះ អ្នកគ្រូ កែវ ចិ​ន្ថា បាន​បញ្ជាក់​ថា «​នៅ​សាលា​អ្នកគ្រូ​ក៏​មាន​អគារ​ថ្ម​ផង​ដែរ ប៉ុន្តែ​នៅ​តែ​មានការ​ខ្វះខាត​ដដែល​»​។  អ្នកគ្រូ បាន​បញ្ជាក់​ទៀត​ថា «​កូនសិស្ស​អ្នកគ្រូ ភាគច្រើន​គឺ​មក​រៀន​បាន​ទៀងទាត់ ទោះបីជា​នៅ​ជនបទ​ក៏​ដោយ ដូច្នេះ​ហើយ​ជា​ចុង​ក្រោយ អ្នកគ្រូ​ពិតជា​អរគុណ​ដល់​ម្ចាស់​ជំនួយ ហើយ​អ្នកគ្រូ​ក៏​សំណូមពរ​បន្ត ដោយ​អ្នកគ្រូ​ចង់បាន​អគារ ដើម្បី​អោយ​កូនសិស្ស​របស់​អ្នកគ្រូ​ទទួល​បាន​ចំណេះដឹង​ដូច​ជា​សិស្ស​ដទៃ​ទៀត​ផង​»៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង