មន្ត្រីយោធាម្នាក់កំពុងជិះសុខៗ ក៏ត្រូវក្មេងៗមួយក្រុមធាក់ប្ល.ន់ម៉ូតូ តែពលរដ្ឋឃើញទាន់ស្រែកផ្អើល
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង បាននាំគ្នាធ្វើសកម្មភាពធាក់ដៃចង្កូតផ្តួលម៉ូតូស្កុបពីមួយគ្រឿង ដែលជិះដោយបុរសម្នាក់ជាមន្ត្រីយោធា កំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់។ ចំណែកបក្សពួកជនបង្កបម្រុងចុះមកលើកម៉ូតូរបស់ជនរងគ្រោះ តែត្រូវបងប្អូនអ្នកដំណើរទៅទាន់ក៏ឃើញស្រែកឆោឡោ ហើយក្រុមយុវជនទាំងនោះក៏ជិះម៉ូតូរត់គេចខ្លួនបាត់អស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ ប៉ិច បូរិន ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅអគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅផ្ទះលេខA163 ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្តីជនរងគ្រោះបានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ ខណៈពេលជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1W-4708 ចេញពីកន្លែងធ្វើការ នៅអគ្គបញ្ជាការកងទ័ពជើងគោក ក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ»។ ជនរងគ្រោះប្រាប់បន្តថា «ខណៈពេលជិះតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងស្ងាត់នោះ ស្រាប់តែលេចមុខយុវជនមួយក្រុមជិះម៉ូតូច្រើនគ្រឿង មិនដែលស្គាល់ ហើយក៏គ្មានការប៉ះពាល់ពាក្យសម្តីគ្នាអ្វីសោះ ក៏បាននាំគ្នាតាមមកធាក់ដៃចង្កូតម៉ូតូរបស់គាត់ដែលកំពុងជិះដោយមិនដឹងខ្លួន បណ្តាលឱ្យគាត់ដួលម៉ូតូរងរបួសធ្ងន់ ហើយបានអ្នកដំណើរឆ្លងកាត់ឃើញ ក៏ជួយស្រែកផ្អើលឆោឡោ ទើបធ្វើឱ្យក្រុមក្មេងទាំងអស់ផ្អើល ក៏ជិះម៉ូតូរត់គេចខ្លួនទៅខាងត្បូងបាត់អស់ទៅ»។ ចំណែកប្រជាពលរដ្ឋវិញ ក៏បានប្រាប់ឱ្យដឹងដែរថា «ក្រុមក្មេងជាង១០នាក់នោះ ជិះម៉ូតូចំនួន៧គ្រឿង ដោយមិនដឹងថា តើប៉ុនប៉ងប្ល.ន់ ឬយ៉ាងណានោះទេ? ព្រោះថា គ្រាដែលជនរងគ្រោះកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែក្រុមក្មេងទាំងនោះតាមធាក់ដៃចង្កូត បណ្ដាលឱ្យជនរងគ្រោះដួលរងរបួស ហើយក៏មានបក្សពួកចុះមកបម្រុងលើកម៉ូតូរបស់ជនរងគ្រោះទៀតផង»។ ពលរដ្ឋបន្តថា «ប៉ុន្តែត្រូវបានអ្នកដំណើរឆ្លងកាត់ឃើញទាន់ ក៏នាំគ្នាស្រែកឆោឡោ ទើបធ្វើឱ្យក្រុមក្មេងទាំងអស់ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។ បន្ទាប់មកពលរដ្ឋក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចគោលដៅខាងមុខប្រទះឡាងវត្តស្លែង ខណ្ឌដង្កោ ឱ្យជួយស្ទាក់ តែក្រុមក្មេងទាំងនោះចុះតាមផ្លូវ៤២ ឡើងផ្លូវជាតិលេខ៣ រត់គេចខ្លួនទៅខាងចោមចៅវិញ ដោយសុវត្ថិភាព»។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣សិន ដើម្បីដោះស្រាយនៅពេលក្រោយបន្តទៀត៕ សម្រួលដោយ ទៀង បុណ្ណរី