ប្រជាជនម៉ាឡេស៊ីជិត៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ក្រោយទឹកជំនន់វាយប្រហារ

រដ្ឋចូហូ និងសាបាស់ បានក្លាយជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយទឹកជំនន់ ខណៈចំនួនអ្នកជម្លៀសខ្លួនបានកើនឡើងដល់២៨៣១០នាក់ នេះបើគិតត្រឹមថ្ងៃពុធទី២៧ ខែធ្នូនេះ…។  យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឱ្យដឹងថា រដ្ឋកាឡានតាន់ នៅតែជារដ្ឋដែលមានចំនួនអ្នកជម្លៀសច្រើនជាងគេ គឺ១៧៤៦៦នាក់ ក្នុងមណ្ឌលសង្គ្រោះចំនួន៨៩កន្លែង។ នេះគឺជាការកើនឡើងយ៉ាងគំហុក បើប្រៀបធៀបទៅនឹងជនរងគ្រោះចំនួន១៥១៤៥នាក់ នៅម៉ោង៤រសៀលថ្ងៃមុន​នៅក្នុងមណ្ឌលសង្គ្រោះចំនួន៩២។ ថ្លែងនៅទីក្រុងតេរេងហ្កានូ ចំនួនជនរងគ្រោះបានថយចុះបន្តិចមកនៅត្រឹម១០១០៣នាក់ក្នុង១១៣មណ្ឌល បើធៀបនឹងជនភៀសខ្លួន១០១៩៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលចំនួន១២៥ កាលពីល្ងាចថ្ងៃអង្គារ។  រដ្ឋប៉ាហាំង (Pahang) ក៏​បាន​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ជម្លៀស​ដោយ​គ្រោះទឹក​ជំនន់​ដែល​មាន​មនុស្ស៤៨៥នាក់​នៅ​តែ​ជ្រក​ក្នុង​មណ្ឌល​ចំនួន៩កន្លែង បើ​ធៀប​នឹង៥៩០នាក់​ក្នុង​មណ្ឌលចំនួន១៣ កាលពី​ថ្ងៃ​មុន។ ចំណែកឯនៅរដ្ឋសាបាស់ មានជនរងគ្រោះ១៦៩នាក់ត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន៣កន្លែង ខណៈនៅរដ្ឋចូហូ អ្នកជម្លៀសចំនួន៨៣នាក់ត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះមួយ។ ជាចុងក្រោយ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក៏បានរាយការណ៍ថា ក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះទាំងប្រាំបួននៅតែបើកនៅក្នុងរដ្ឋប៉េណាង ខណៈភ្លៀង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងបន្ត​ធ្លាក់ស្រោច​នៅ​ទូទាំង​រដ្ឋរដ្ឋថារាំងហ្កានូ, រដ្ឋប៉ាហាំង និងរដ្ឋចូហូ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង