យុវជន​ម្នាក់​បា.ត់​ខ្លួនច្រើនថ្ងៃ ក្រោយប្រាប់សង្សារ​ថា «សុំបែក និងឱ្យនាងយកប្តី ឬសង្សារថ្មីទៀតចុះ»

​រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​ម្នាក់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​ពុំ​ដឹង​ថា​មាន​រឿ​ង​​អ្វី​កើតឡើង​នោះ​ទេ ស្រាប់តែ​នៅ​ពេល​ថ្មី​ៗ​នេះ​សុំ​នាង​ជា​សង្សារ​បែក​គ្នា និង​សន្យា​ថា​ឲ្យ​នាង​យកប្ដី​ឬ​សង្សារ​ថ្មី​ទៀត​ចុះ​ខ្លួន​មិន​រករឿង​ឡើយ ។ ​លុះ​កន្លះ​ខែ​ក្រោយមក​ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ថា​យក​ទៅ​លាង​សម្អាត ដើម្បី​ជិះ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពត​ ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​គ្មាន​ដំណឹង​សូន្យឈឹង បើ​គិត​មក​ដល់​ពេល​នេះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​៦​ថ្ងៃ​មក​ហើយ មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ​។  ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ក៏​បាន​នាំ​គ្នា​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិនឃើញ​សោះ​ រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ឪពុក​ម្ដាយ​បាន​កាន់​រូបថត​កូន​ប្រុស​ដែល​បា.ត់​ខ្លួន​ខាងលើ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​តាម​ស្វែងរក​កូន​គាត់​ផង​។   យុ​វ​ជន​ដែល​កំពុង​តែ​បាត់​ខ្លួន​ខាងលើ​នោះ​ឈ្មោះ​ឡូយ សាមី​ឌី អាយុ​១៨​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ធ្វើការ​នៅ​ឯ​ខេត្តព្រះវិហារ ​មាន​ម្ដាយ​ឈ្មោះ​ធន សា​រ៉ា​ន់ អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ និង​ឪពុក​ឈ្មោះ​មា ធឿ​ន អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ ។ ​គ្រួសារ​មួយ​នេះ​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​ពន្លៃ ឃុំ​ដាន​គោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត ចំណែកឯ​នាង​ជា​សង្សារ​ឈ្មោះ​លុយ អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​ រាជធានីភ្នំពេញ ។  អ្នកស្រី​ធន សា​រ៉ា​ន់ ដែលត្រូវ​ជា​ម្ដាយរបស់យុវជនបាត់ខ្លួន​ ​បាន​រៀបរាប់​ឱ្យដឹង​​ថា គាត់​បានដឹង​ថា​កូនប្រុស​គាត់​មាន​សង្សារ​យូ​រ​ហើយ ប៉ុន្តែ​ពេល​អ្នក​ទាំង​២​បែក​គ្នា​ គាត់​មិន​បានដឹង​ឡើយ គាត់​ស្មានថា​កូន​នៅ​ស្រលាញ់​គ្នា​ដូច​មុន​។ ដោយឡែក​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កូនប្រុស​របស់​គាត់​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តព្រះវិហារ​មក​ផ្ទះ​ជួល​កូនច្បង​របស់​គាត់​ម្នាក់​ទៀត​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ដោយ​មក​ដល់​នា​វេ​លា្ង​ច​ថ្ងៃ​ដដែល​នោះ ។   ​ស្ត្រីជាម្តាយ​បានឱ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ កូនប្រុស​រូប​នេះ​ក៏​បាន​ជិះ​ម៉ូត​១​គ្រឿង​ ម៉ាក​ហុ​ដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HM-7573 យក​ទៅ​លាង​ម៉ូតូ​សម្អាត ដើម្បី​ជិះ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ខេត្តកំពត​។ បន្ទាប់​មក​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​តែ​ម្ដង មិនឃើញ​ត្រឡប់​​មក​ផ្ទះ​ជួល​វិញទេ ហើយ​ក៏​មិនឃើញ​ទៅ​ដល់​ខេត្តកំពត​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ព្រួ​បារម្ភ​យាំង​ខ្លាំង​និង​បាន​នាំ​គ្នា​តាម​រក​គ្រប់​ច្រកល្ហក​ក៏​នៅ​តែ​មិនឃើញ​ទៀត​។  ស្ត្រី​ជា​ម្ដាយបាន​រៀបរាប់​ប្រាប់បន្តទៀត​​ថា កន្លង​មក ​កូន​គាត់​ក៏​ធ្លាប់​បាត់​ខ្លួន​បែប​នេះ​២​ទៅ​៣​ថ្ងៃ​ដែរ ហើយ​ពួក​គាត់​បាន​តាម​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​បន្ទប់​ជួល​ដែល​នាង​ជា​សង្សារ​ជួល​ស្នាក់​នៅ ។ ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ ទី​២៤ ខែធ្នូ កន្លងមកនេះ ​ពួក​គាត់​បាន​ទៅ​រក​នៅ​ទីនោះ​ទៀត ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​នាង​សង្សារ​ប្រាប់​ថា «​បង​សាមី​ឌី​បាន​សុំ​ខ្ញុំ​បែក​គ្នា ដោយ​គ្មាន​មូលហេតុ​អស់​រយៈពេល​កន្លះ​ខែ​មក​ហើយ​។ មិនតែប៉ុណ្ណោះ​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​យកប្ដី​ឬ​សង្សារ​ថ្មី​ទៀត​ចុះ​គាត់​មិន​រករឿង​ខ្ញុំ​នោះ​ឡើយ បន្ទាប់​មក​គាត់​ក៏​បាន​ចាកចេញ​ទៅ​បាត់​ទៅ ហើយ​ខ្ញុំ​ព្យាយាម​ខ​ល​រក​គាត់​ជា​ច្រើន​ដង​ដើម្បី​និយាយ​គ្នា​ដែរ ប៉ុ​ន្ត​ខ​ល​មិ​ចូល​ទាក់ទង​មិន​បាន​សោះ​»​។   អ្នក​ម្ដាយ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា គាត់​បានដឹង​ថា​កូន​ស្រលាញ់​គ្នា​ជា​គូសង្សារ​យូរ​មក​ហើយ ប៉ុ​ន្ត​គាត់​មិន​បានដឹង​ថា​កូនប្រុស​គាត់​សុំ​សង្សារ​បែក​គ្នា​បែប​នេះ​ទេ ទាល់តែ​នាង​ប្រាប់​ទើប​ដឹង​។​បើ​គិត​រហូត​មក​ដល់​ពេល​នេះ​គាត់​និង​ក្រុម​គ្រួសារ​បាន​តាម​ស្វែងរក​កូនប្រុស​រយៈពេល​៦​ថ្ងៃ​ហើយ តែ​សម្បី​ដំណឹង​បន្តិច​ក៏​គ្មាន​ផង ពុំ​ដឹង​ថា​កូនប្រុស​មាន​សុខទុក្ខ​យ៉ាងណា​នោះ​ទេ ពិតជា​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ៕​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង