តំបន់​មួយ​ចំនួន​នៅ​កម្ពុជា បន្ត​ចុះ​ត្រជាក់​ដល់​១៦​អង្សា​សេ ដូច្នេះ​សូម​ថែទាំ​សុខភាព

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា នៅ​បន្ត​មាន​អាកាសធាតុ​ត្រជាក់​រហូត​ដល់​១៦​អង្សា​សេ​។   យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែធ្នូ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន បន្ត​ឥទ្ធិពល​គ្របដណ្ដប់​ទៅ​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ពី​បង្គួរ​ទៅ​ខ្លាំង ហើយ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន នឹង​ចុះ​ខ្សោយ​។   ក្រសួង​ធនធានទឹក បាន​លើក​ឡើង​បន្ត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ក្បែរ​នឹង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន បន្ត​ត្រជាក់​នៅ​ពេល​ព្រឹក​។ ហើយ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែធ្នូ ធាតុអាកាស​ត្រជាក់​ថមថយ ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​។  ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ទៀត​ថា តំបន់​វាលទំនាប សីតុណ្ហភាព​អប្បបរមា ចាប់ពី​១៧​អង្សា​សេ​-២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ចាប់ពី​២៧​អង្សា​សេ​-២៩​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​៤​ម៉ែត្រ​-៦​ម៉ែត្រ​/​វិនាទី​។ នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា ចាប់ពី ១៧​អង្សា​សេ​-១៩​អង្សា​សេ​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា ចាប់ពី​១៦​អង្សា​សេ​-២១​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ចាប់ពី​២៦​អង្សា​សេ​-២៨​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​៥​ម៉ែត្រ​-៧​ម៉ែត្រ​/​វិនាទី​។ នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា ចាប់ពី​១៦​អង្សា​សេ​-១៨​អង្សា​សេ​។   ក្រសួង​ធនធានទឹក បាន​លើក​ឡើង​បន្ត​ទៀត​ថា ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ចាប់ពី​២១​អង្សា​សេ​-២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ចាប់ពី​២៨​អង្សា​សេ​-៣០​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ចាប់ពី​៥​ម៉ែត្រ​-៧​ម៉ែត្រ​/​វិនាទី និង​រលក​សមុទ្រ មាន​កម្ពស់​ចាប់ពី​១,៥០​ម៉ែត្រ​-២,០០ ម៉ែត្រ​។  ក្រសួង​បាន​បន្ថែម​ថា អាស្រ័យ​ពី​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព ស្លៀក​សម្លៀក​បំពាក់​ឱ្យ​បាន​សមរម្យ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ណាមួយ​៕    សម្រួលដោយ  ទៀង  បុណ្ណរី