ចេញហើយ! បញ្ជីឈ្មោះបេក្ខជន ២៥០នាក់ ដែលបានប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ នៅ ១៧ខេត្ត

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បាន​ចេញផ្សាយនូវ​បញ្ជីរាយនាម​បេក្ខជន​ប្រឡង​ជាប់ជាស្ថាពរ ចំនួន ២៥០​នាក់ ក្នុងការប្រឡងជ្រើសរើស​មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ឱ្យចូលបម្រើ​ការងារ ​ក្នុងក្រ​បខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ បេក្ខជនទាំងនេះ ស្ថិតក្នុងចំណោម​បេក្ខជន​ ៣៣៨១នាក់  ដែល​បានចូលរួម​ប្រឡង​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិ​ន្ទភ្នំពេញ​។​  បេក្ខជន​ប្រឡង​ជាប់ ទាំង ២៥០នាក់ ត្រូវដាក់ពង្រាយនៅតាមឃុំ ដោយ ១ឃុំ មានមន្ត្រីជំនាញកសិកម្មម្នាក់ នៅ​ក្នុងខេត្តចំនួន ១៧ រួមមាន៖ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។  ក្រសួងមុខងារសាធារណៈ បានកត់សម្គាល់ថា ក្នុងរយៈពេល ១សប្តាហ៍ ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ បេក្ខជន​ ដែលបានប្រឡង​ជាប់ជាស្ថាពរ ត្រូវផ្តល់​ការបញ្ជាក់ពីការទទួលយកក្របខណ្ឌ នៅទីកន្លែងការងារ ដែលបានជ្រើសរើស មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ/តេឡេក្រាម 012 351 114។   ចំណែក​បេក្ខជន ដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរ មកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ​សាធារណៈនៃក្រសួង​មុខងារសាធារណៈ ដែលមានទីតាំង​ស្ថិតនៅ​ផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ / តេឡេក្រាម 012 351 114។  ក្រសួងមុខងារសាធារណៈ ក៏បានប្រកាសថា ផុតរយៈពេល​កំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេច ទទួលស្គាល់​បេក្ខជនជាផ្លូវការ ដើម្បី​បន្តនីតិវិធីនៃការរៀបចំផ្តល់ក្របខណ្ឌ និងការអនុវត្តកម្មសិក្សា និងការបណ្តុះបណ្តាល ស្របតាមលិខិតបទដ្ឋាន​ជាធរមាន៕​​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង