ដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនបុគ្គលិកអប់រំនៅរាជធានីភ្នំពេញប្រព្រឹត្តទៅល្អ

TNM(ភ្នំពេញ) ៖ ចាប់តាំងពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅទីតាំងចំនួន១៥ នៅរាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន បានចាប់ផ្តើមទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២។

ដំណើរការផ្តល់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា។

ថ្លែងក្នុងឱកាសនៃការដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលបំផុត សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាបំណងប្រាថ្នាដ៏ថ្លៃថ្លាបំផុត និងការដឹកនាំប្រកបដោយគតិបណ្ឌិតបំផុត។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ស.ស.យ.ក អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ ប្រតិបត្តិការ និងរួមចំណែកសម្រាប់យុទ្ធនាការនេះ៕

អត្ថបទដែលជាប់ទាក់ទង