ខ្យល់ព្យុះរដូវរំហើយបោកបក់យ៉ាងខ្លាំង​នៅ​ស្រុកព្រៃនប់ និងបំផ្លាញផ្ទះ​រាប់រយខ្នង​

​ខេត្តព្រះសីហនុ ៖ ​មន្ត្រី​មូលដ្ឋាន​បាន​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២​ ធ្នូ​ ឆ្នាំ​២០២៣​នេះ​ថា ខ្យល់ព្យុះ​​រដូវ​រំហើយ​បាន​ចាប់​ផ្តើម​បោកបក់​ពី​ជើងភ្នំ​កំចាយ តាំងពី​យប់​រំលង​អា​ធ្រា​ត្រ រហូត​មក​ដល់​ព្រឹក​នេះ​ស្ថាន​ភាព​ខ្យល់​បក់បោកតាម​បណ្តា​ឃុំ​មួយ​ចំនួន ពិសេស​បណ្តា​ឃុំ​ជាប់​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ កំពុង​រង​ឥទ្ធិពល បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​ជាប់​ផ្លូវជាតិ​លេខ​៣ មាន​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក និង​ឃុំ​ទឹកថ្លា រាប់​សិប​ខ្នង រង​ផល​ប៉ះពាល់ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ប៉ើង​ដំបូល ។   គិត​មកត្រឹម​វេលា​ម៉ោងជាង១១ព្រឹកថ្ងៃដដែលនេះ នៅឃុំ​ទឹកថ្លា​ ខ្យល់ព្យុះបានបោកបក់ប៉ើង​ដំបូល​​ផ្ទះប្រជា​ពលរដ្ឋ​ជាង៤០០ខ្នង ក្នុង​នោះ​ដួល​រលំ​មួយ​ខ្នង នៅឃុំ​សាមគ្គី​ ខ្យល់ព្យុះបានបោកបក់ប៉ើង​ដំបូលផ្ទះ​​​​ខូចខាត​ចំនួន៧៦ខ្នង​ នៅឃុំ​ទឹកល្អក់ ខ្យល់ព្យុះបានបោកបក់​ប៉ើង​ដំបូលផ្ទះ​ខូចខាត​ចំនួន ៤៣ខ្នង​។  ទាក់ទិននឹងខ្យល់ព្យុះបោកបក់ខាងលើនេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ស្ថានភាព​ខ្យល់​រដូវ​នេះ​មាន​រយៈពេល​ខ្លី ​ឬ​យូរថ្ងៃ ​ឬ​​អាច​បង្ក​ជា​បញ្ហា​ប៉ះពាល់​បន្ថែម​កម្រិត​ណា​នៅឡើយ ប៉ុន្តែ​ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​អំពាវនាវ​​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ក្នុង​នោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​បន្ត​តាម​ដានសភាពការណ៍​ ដើម្បី​ជួយ​​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​ខ្យល់​រដូវរំហើយ​ចុងឆ្នាំ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ ។  សូម​បញ្ជាក់​ថា នេះ​ជា​ខ្យល់​រដូវរំហើយ​ដែល​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​តំបន់​ឃុំ​ខាងលើ ក្នុងស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ៕​   សម្រួលដោយ ​ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង