សូមប្រើប្រាស់ទឹកដោយការប្រុងប្រយ័ត្ន! ក្រសួងធនធានទឹកបញ្ជាក់ពីហានិភ័យនៃអាកាសធាតុក្ដៅខ្លាំង អាចឡើងដល់៤១អង្សាសេ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ក្រោយការព្យាករឃើញថា រដូវប្រាំងចាប់ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ អាកាសធាតុកើនកម្ដៅជាលំដាប់ នឹងក្ដៅខ្លាំងនៅក្នុងខែមេសាអាចឡើងដល់៤១អង្សាសេ…។ ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង បានឱ្យដឹងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា រដូវប្រាំងឆ្នាំនេះចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នៅក្នុងថ្ងៃខ្លះសីតុណ្ហភាពអប្បបរមាធ្លាក់ចុះពី១៦ទៅ១៨អង្សាសេ។ ចំណែកឯបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាមានពី១៩ ទៅ២២អង្សាសេ។ ដោយឡែក ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា អាកាសធាតុនឹងកើនកម្ដៅជាលំដាប់ នឹងក្ដៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមាមានពី៣៨អង្សាសេ និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សាសេ។ ចំពោះស្ថានភាពទឹកភ្លៀងកក់ខែវិញ មានធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ក្រសួងបញ្ជាក់បន្ថែមថា ដោយយោងលើស្ថានភាពអាកាសធាតុដែលបានព្យាករ ក្រសួងធនធានទឹក ស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ត្រូវចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕ សម្រួលដោយ ទៀង បុណ្ណរី