បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅព្រំប្រទល់៣ខេត្តជាប់គ្នា
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីរដ្ឋបាលជលផលចំនួន៣ខេត្ត រួមនឹងសមត្ថកិច្ចចម្រុះដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ជាប់គ្នា៣ខេត្ត គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះទាំង៣ខេត្ត រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ សរុបចំនួន៦៧នាក់ ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផលបានប្រើមធ្យោបាយធ្វើដំណើរដោយកាណូតចំនួន១៥គ្រឿង ចុះបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប នៅចំណុចព្រំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ។ ជាលទ្ធផលនៃការចុះបង្ក្រាបទល្មើសទ្រង់ទ្រាយធំខាងលើនេះ ជាក់ស្តែងគឺបានរុះរើរបាំងសាច់អួនចំនួន២៤កន្លែង ដែលមានប្រវែង៦.៩០០ម៉ែត្រ, លប លូ សាច់អួនចំនួន២៤មាត់, បង្គោល៦៥០ដើម និងចាក់លែងត្រីចម្រុះចំនួន២៦០គីឡូក្រាមចូលទន្លេវិញ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នេះគឺជាការសហការគ្នារវាងមន្ត្រីជំនាញទាំង៣ខេត្ត ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ជាប់គ្នា ដែលជាចំណុចសំខាន់សម្រាប់ការចរាចរណ៍របស់ត្រីក្នុងរដូវរំហើយខាងមុខនេះ ៕ សម្រួលដោយ ទៀង បុណ្ណរី