ម្ចាស់ក្សត្រីយ៍ Elizabeth យាងត្រលប់បំពេញព្រះរាជកិច្ចវិញ បន្ទាប់ពីព្រះស្វាមីសោយទិវង្គត
TNM(ឡុងដ៍)៖ ម្ចាស់ក្សត្រីយ៍អង់គ្លេស Elizabeth ទី២ បានយាងត្រលប់មកបំពេញព្រះរាជកិច្ចវិញហើយ ៤ថ្ងៃបន្ទាប់ពីព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ Philip បានសោយទិវង្គត ខណៈចក្រភពអង់គ្លេសកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យសពនៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
ព្រះម្ចាស់ក្សត្រីយ៍ Elizabeth ទី២ មានព្រះជន្ម៩៤វស្សាបានយាងត្រលប់មកបំពេញព្រះរាជកិច្ចវិញ តាមរយៈការយាងចូលរួមក្នុងពិធីប្រកាសការចូលនិវត្តន៍ សម្រាប់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ព្រះបរមរាជវាំងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្នុងថ្ងៃជាមួយគ្នានោះ គ្រួសាររាជវង្សអង់គ្លេសក៏បានបញ្ចេញផងដែរនូវរូបថតមួយចំនួន ដែលគេមិនធ្លាប់ឃើញពីមុនមករបស់ព្រះអង្គម្ចាស់ Philip ក្នុងនោះរួមមានទាំងរូបថតមួយសន្លឹកបង្ហាញពីម្ចាស់ក្សត្រីយ៍ Elizabeth និងព្រះស្វាមីជាមួយចៅៗរបស់ ទ្រង់ទាំង២អង្គ ក្នុងពិធីជួបជុំមួយកាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Philip បានសោយទិវង្គតកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រះជន្ម៩៩ព្រះវស្សា។ ព្រះរាជពិធីបុណ្យសពរបស់ព្រះអង្គគ្រោងនឹងធ្វើឡើង នៅវិមាន Windsor Castle នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយការកំណត់អ្នកចូលរួមត្រឹម៣០នាក់ ដោយសារតែវិធានការរឹតត្បិតប្រឆាំង COVID-19៕