មកពូនផ្នូរសពលើដីជម្លោះពេលល្ងាច ពេលយប់គេយកត្រាក់ទ័រឈូសចោលវិញ
ខេត្តកំពត ៖ ហេតុការណ៍ចម្រូងចម្រាស់មួយ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ២០២៣ នេះ ស្ថិតនៅលើដីមួយកន្លែងក្នុងភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយសារឃើញមានលោកយាយម្នាក់ ឈ្មោះលី យោង អាយុ៧៧ឆ្នាំ និងស្ត្រីម្នាក់ទៀតដែលត្រូវជាប្អូនស្រីបង្កើត និងស្ត្រីម្នាក់ទៀត ត្រូវជាប្អូនសាច់ថ្លៃ រួមទាំងព្រះសង្ឃ និងលោកអាចារ្យផងដែរ បាននិមន្តមកដល់កន្លែងដីចាក់ធ្វើជាផ្នូរសព ដើម្បីរៀបចំពិធីសូត្រមន្ត បង្សុកូល និងពូនផ្នូរសព ។ គួរបញ្ជាក់ថា ការចាក់ដីពូនផ្នូរកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនោះ ត្រូវបានគេលួចឈូសឆាយចោលវិញនៅពេលយប់ ។ ទោះជាមានការឈូសឆាយមិនអោយមានផ្នូរសពនៅលើដីមានជម្លោះនេះ ក៏ដោយ លោកយាយលី យោង និងក្រុមសាច់ញាតិនៃសពជាខ្សែស្រឡាយចិន នៅតែខំធ្វើពិធីសូត្រឧទ្ទិសដល់អ្នកស្លាប់នេះទាល់តែហើយ ។ លោកយាយលី យោង និងប្អូនស្រីបង្កើត ដៃម្ខាងលើកចង្ហាន់ប្រគេនព្រះសង្ឃ និងនិយាយតបតប្រាប់យុវជន៣នាក់ដែលអះអាងថា ជាតំណាងម្ចាស់ដី ។ លោកយាយលីយោងថា ខ្ញុំធ្វើនេះតាមអាជ្ញាធរស្រុកនិងខេត្ត ដើម្បីពូនផ្នូរដល់សពឱពុកម្ដាយដែលបានបញ្ចុះនៅលើដីជិត១០០ឆ្នាំមុន ។ លោកយាយយោងនិយាយទៀតថា ការធ្វើពិធីពូនផ្នូរនៅពេលនេះ គឺធ្វើតាមចំណាររបស់អភិបាលខេត្តបង្គាប់អោយអាជ្ញាធរស្រុកចុះមកឃ្លុំដីផ្នូរសពចាស់ទំហំដី១០ម៉ែត្រ៤ជ្រុងតែប៉ុណ្ណោះ។ ប៉ុន្តែភាគីខាងតំណាងម្ចាស់ដីនិយាយថា មិនឱ្យធ្វើអ្វីៗនៅលើដីត្រង់ចំណុចថាមានផ្នូរសពនោះទេ ព្រោះដីគាត់មានប្លង់រឹងត្រឹមត្រូវ។ លោកយាយលី យោង ខំពូនផ្នូរសារជាថ្មីម្ដងទៀត តែតំណាងឱ្យម្ចាស់ដីមានគ្នាបីនាក់ បានយកជើងកៀសកាយចោលវិញ ។ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះដែរ គេឃើញមាននគរបាលប៉ុស្លិរអអ្គសុភីមកដល់ដែរ តែមិនឃើញមានសកម្មភាពអ្វីទេ ។ តាមការអះអាងលោកនាយប៉ុស្តិ៍និយាយថា ក្រែងមានអំពើហឹង្សាកើតឡើង ។ ទាស់គ្នារឿងម្ចាស់ដី និងរឿងផ្នូរសពនេះ ជាប់ទាក់ទងដីបញ្ចុះផ្នូនេះ គឺប្អូនថ្លៃសាច់ថ្លៃរបស់លោកយាយលីយោង បានលក់ដីរួមទាំងផ្នូសពនេះទៅឱ្យអ្នកទី២ដែលបានហាមឃាត់លោកយាយលីយោងមិនអោយពូនផ្នូរនេះ ។ សម្រួលដោយ ទៀង បុណ្ណរី