មន្ត្រីបច្ចេកទេសកសិកម្ម នឹងក្លាយជាសេនាធិការដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ
មន្ត្រីបច្ចេកទេសកសិកម្ម នឹងក្លាយជាសេនាធិការដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឲ្យក្លាយជាសហគមន៍កសិកម្មទំនើប។ នេះបើយោងតាមការបង្ហោះសារ នៅលើបណ្ដាញសង្គមតេលេក្រាម របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ១៨ ខែធ្នូនេះ។ នៅក្នុងសារនោះ បានសរសេរថា កម្មវិធីគោលនយោបាយអាទិភាពទី ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ បាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ចំនួន ២៥០នាក់ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់ កាលពីថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ ឆ្នាំ ២០២៣។ មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់នេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន ១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំ នៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មាន អំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពរ របស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។ រាជរដ្ឋាភិបាល នីតិកាលទី ៧ មានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ដោយបានផ្តល់ជាគោលការណ៍ក្នុងការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣ ចំនួន ៨០០នាក់ ក្នុងឆ្នាំ ២០២៤ និងចំនួន ៥៥០នាក់ ក្នុងឆ្នាំ ២០២៥ ដើម្បីឆ្លើយតបដល់ឃុំដែលមានសក្តានុពល និងសកម្មភាពកសិកម្មចំនួន ១,៥៥០ ដែលបម្រើដល់កសិករប្រមាណ ២លានគ្រួសារ។ មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឲ្យក្លាយជាសហគមន៍កសិកម្មទំនើប ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី ៤ នៅក្នុងបញ្ចកោណទី ៤ គឺផ្តោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕ សម្រួលដោយ ទៀង បុណ្ណរី