នាងតូចម្នាក់បានស្លាប់ពេលកំពុងជិះកូនឡាន ខណៈឪពុកម្តាយ និងសមត្ថកិច្ចសង្ស័យករណីផ្សេងគ្នា
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុជាង១ខួបម្នាក់បានស្លា.ប់ក្នុងខណៈពេលកំពុងជិះកូនរថយន្តខ្សែវិលជុំបញ្ជាដោយចរន្តអគ្គិសនីនៅលើផ្លូវដែក (កូនរថយន្តសម្រាប់ក្មេងៗតូចជិះកម្សាន្ត) ។ ភ្លាមៗក្រុមគ្រួសារសង្ស័យចរន្តអគ្គីសនីឆក់ ។ ប៉ុន្តែតាមការពិនិត្យកោសល្យវិច័យ សមត្ថកិច្ចសង្ស័យក្មេងស្រីខាងលើស្លាប់ដោយគាំងបេះដូង ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តផងដែរ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះរូបនោះឈ្មោះ ហ៊ុន ចាន់សុភ័ក្ត្រា អាយុជាង១ខួប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ អ្នកភូមិបាននិយាយថា នៅវេលាយប់ថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះខាងលើត្រូវបានឪពុកម្ដាយនាំទៅដើរលេងនៅទីតាំងដែលដាក់តាំងលក់ដូរផលិតផលផ្សេងៗស្ថិតនៅក្នុងភូមិនោះដែរ លុះពេលទៅដល់ក៏បានឲ្យនាងជិះកូនរថយន្តខ្សែវិលជុំដែលបញ្ជាដោយចរន្តអគ្គិសនីនៅលើផ្លូវដែក(កូនរថយន្តសម្រាប់ក្មេងៗតូចជិះកម្សាន្ត) ដែលមានដាក់នៅទីតាំងនោះដែរ ។ ខណៈពេលកំពុងតែជិះសុខៗ ស្រាប់តែនាងតូចដា.ច់ខ្យល់ស្លាប់បាត់បង់ជីវិតភ្លាមៗ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកនៅទីនោះម្នាក់ៗនឹកស្មានមិនដល់ថា រឿងដ៏កម្របែបនេះអាចកើតឡើងបាន ព្រោះតែកន្លងមកពុំដែលមានអ្នកស្លា.ប់ដោយសារជិះរថយន្តខ្សែវិលជុំបែបនេះឡើយ។ តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដាក់ការសង្ស័យថា នាងត្រូវចរន្តអគ្គីសនីឆ.ក់ ។ ដោយឡែកកម្លាំងអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅកាន់ទីនោះភ្លាមៗ។ បន្ទាប់មកបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យកោសល្យវិច័យ ហើយនគរបាលបានសន្និដ្ឋានថាក្មេងស្រីរូបនេះស្លា.ប់ដោយសារគាំងបេះដូង តែទោះបីជាយ៉ាងណា នគរបាលនៅតែបន្តធ្វើការស្រាវជ្រាវជាបន្តទៀតផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី