ត្រីរាជមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមត្រូវបានលែងចូលទន្លេសាបវិញបន្ទាប់ពីនេសាទបាន
ខេត្តកណ្ដាល៖ ប្រជានេសាទម្នាក់ដែលរស់នៅស្រុក ពញាឮ ខេត្តកណ្ដាល បានលែងត្រីរាជ១ក្បាលដែលមានទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដូច្នេះថា៖« សូមកោតសរសើរដ៏ស្មោះជូនចំពោះ លោក ម៉ុត សាវឿន អាយុ៥១ឆ្នាំ មានទីលំនៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុក ពញាឮ ខេត្តកណ្ដាល ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅគន្លងដាយលេខ ១៣B នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល»។ សកម្មភាពនេះជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ ។ ទន្ទឹមនឹងនោះ រដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនអ្នកនេសាទ មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ សម្រួលដោយ ទៀង បុណ្ណរី