ផ្អើលបុរសម្នាក់បើកឡានទំនើបលោ.តទឹកស្ពាន​កោះនរា តែសន្តិសុខថាឃើញដើរចេញពីក្រោមស្ពាននិងទៅជាមួយគ្រួសារបាត់​

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង ដោយ​សង្ស័យ​ថា​មាន​បុរស​ម្នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​មក​ឈប់​កណ្តាល​ស្ពាន​កោះន​រា​ ហើយ​លោតទឹក​បាត់ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ នៅ​លើ​ស្ពាន​កោះន​រា ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។  យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់អាវ​ពណ៌​បៃតង វ័យ​ជាង​៣០​ឆ្នាំ មាន​កម្ពស់​ជាង​១,៧០​ម៉ែត្រ គាត់​បាន​ឈរ​ចុច​ទូរស័ព្ទ​កណ្តាល​ស្ពាន​កោះន​រា ដោយ​ផ្អែក​បង្កាន់ដៃស្ពាន​ផង​ដែរ​។  អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ពណ៌​ខ្មៅ ម៉ាក​អឹ​ម​ជី​(MG) ដែល​មាន​ស្លាក​លេខ​ ភ្នំពេញ 2BS-8007 ចត​ចោល​កណ្តាល​ស្ពាន​ក្បែរ​បុរស​ខាងលើ​ផង​ដែរ​។ លុះដល់​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​ឃើញ​មាន​មនុស្ស​ច្រើន​នាក់​ឈរ​ចោមរោម​ក្បែរ​រថយន្ត​១​គ្រឿង​នោះ ដោយ​ខ្លះ​កាន់​បង្កាន់ដៃស្ពាន​រួច​អើត​មើលទៅ​ទឹកទន្លេ ខ្លះ​ទៀត​ក៏​ឈប់​មើល ស្រាប់តែ​ឃើញ​ស្បែកជើង​​ចំពាម​១​គូ នៅ​កន្លែង​បុរស​ដែល​ឈរ​នោះ ក៏​សង្ស័យ​ថា​បុរស​នោះ​លោត​ទឹកតែ​ម្តង​។   ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ប៉ុ​ស្តិ៍​និរោធ និង​សន្តិសុខ​ប្រចាំ​នៅ​កោះន​រា​បាន​ទៅ​ដល់ទី​តាំង​កើតហេតុ ព្រមទាំង​បានអោយ​កម្លាំង​ចេញ​ទូក​ល្បឿន​លឿន ឬ​អូ​ប័​រ​៣​គ្រឿង ទៅ​កាន់​ក្រោម​ស្ពាន​ដើម្បី​ស្វែងរក តែ​មិនឃើញ​មនុស្ស​នោះ​ទេ​។  ចុង​ក្រោយ​ នា​វេលាម៉ោង​៣​ទៀប​ភ្លឺថ្ងៃខែឆ្នាំដដែល​ សន្តិសុខ​ដែល​អង្គុយ​យាម​ក្បែរ​គល់​ស្ពាន​កោះន​រា​បានអោយ​ដឹង​ថា នៅ​ពេល​មនុស្ស​ទៅ​អស់ សមត្ថកិច្ច និង​អ្នក​សារ​ព័ត​មាន​ទៅ​បាត់​អស់​ ស្រាប់តែ គាត់​បានឃើញ​បុរស​រូប​នោះ​ដើរ​ចេញពី​ក្រោម​ស្ពាន រួច​ក៏​ឡើង​លើ​រថយន្ត​ហើយ​បើក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ក្រុម​គ្រួសារ​បាត់​ទៅ​ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង