សម្រេចឃុំខ្លួនមន្ត្រីចូលនិវត្តន៍ម្នាក់ហើយ ក្រោយគំរា.មសម្លា.ប់ចៅក្រមម្នាក់រស់នៅជិតខាងគ្នា
រាជធានីភ្នំពេញ ៖ បើតាមប្រភពព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែលជនសង្ស័យរូបនោះជាប់ពាក់ព័ន្ធពីបទ «គំរា.មកំហែ.ងថានឹងសម្លា.ប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន» ។ ជនសង្ស័យខាងលើមានឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ (អតីតមន្ត្រីយោធាចូលនិវត្តន៍) ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមដីកាបង្គាប់ឲ្យឃុំខ្លួន បានដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «គំរា.មកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។ បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តាមប្រភពព័ត៌មានឲ្យដឹងទៀតថា មូលហេតុបានជាចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួនជនសង្ស័យខាងលើរូបនេះ ដោយយោងទៅលើពាក្យបណ្តឹងរបស់លោកចៅក្រមម្នាក់ រស់នៅជិតខាងគ្នា ហើយរងនូវការជេរប្រមាថ និងគំរាមកំហែងដល់អាយុជីវិតពីសំណាក់ជនសង្ស័យរូបនោះ ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នករស់នៅភូមិរបងជាមួយអតីតមន្ត្រីយោធារូបនោះ ក៏ត្រូវរងការជេរព្រឹកជេរល្ងាចផងដែរ ដោយមិនខ្លាចរអារអ្នកណាឡើយ ។ ក្រោយពីមានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ក៏បានចុះទៅធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជួនខ្លួនជនសង្ស័យខាងលើនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ សម្រួលដោយ ទៀង បុណ្ណរី