តុលាការ​ផ្តន្ទាទោស​អតីត​ប្តី​បា​ញ់​ប្រពន្ធ​ព្រោះតែ​ប្រចណ្ឌ ដាក់​ពន្ធនាគារ​៣០​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​កន្លង​ទៅ លោក លឹ​ម សុ​គ​ន្ធា​រ៉ា ចៅ​ក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​សំណុំរឿង​ប្តី​បាញ់​សម្លាប់​​ប្រពន្ធ ​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ដោយ​ដាក់​ពន្ធ​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ប្រព្រឹត្ត​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ខាងលើ​នេះ​មាន​​ឈ្មោះ ជា អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៤១៧ ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ នូ សុខ​នី​តា ហៅ ស៊ីវ អេ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១៤០៣A ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។  សូម​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​លើក​យក​សំណុំរឿង ​«​ឃាតកម្ម​» ​អតីត​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​ដោយសារ​​ភ្លើង​ប្រចណ្ឌ មក​បើក​សវនា​ការ​ជំនុំជម្រះ​ទោស ។ ប៉ុន្តែ​សវនាការ​នោះ​ ក្រោយ​ពី​សាកសួរ​ដេញដោល​ជន​ត្រូវ​ចោទរួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​២៧ ខែមេសា ខាង​មុខ​ទៀត ។   នៅ​ក្នុង​រង្វង់​ក្រចកសេះ ចំពោះ​មុខ​សវនាការ ជន​ត្រូវ​ចោទ​បាន​ឆ្លើយ​សារភាព​ទាំង​អួល​ដើម​.​ក និង​ទឹកភ្នែក​រលីងរលោង​ថា «ខ្លួន​សូម​ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី លើកដៃ​បាញ់​​អតីត​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​​ដោយ​គ្មាន​ជម្រើស តែ​សំណូមពរ​សុំ​ឲ្យ​តុលាការបន្ធូរ​បន្ថយទោស ដើម្បី​កែប្រែ​ខ្លួន​រស់​ក្នុង​សង្គម​ដ៏​ស្អាតស្អំ​តទៅ​ទៀត» ។   សូម​រំឭក​ទៀត​ថា លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅ​ក្រម​ស៊ើបសួរ​លើ​សំណុំរឿង​​​មួយ​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ឃា.តក.ម្ម​គិត​ទុកជា​មុន និង​ប្រើប្រាស់​អាវុធ​ដោយគ្មាន​ច្បាប់​អនុញ្ញាត »។  បទល្មើស​​​​គិតទុកជា​មុននេះ យោង​តាម​មាត្រា​២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ គឺជា​អំពើ​សម្លា.ប់​មនុស្ស​ដោយ​គិត​ទុកជា​មុន ឬ​ដោយ​ការ​ពួនស្ទាក់ ។ ការ​គិត​ទុកជា​មុន គឺជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​បៀតបៀ​ន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ការ​ពួនស្ទាក់ ឬ​ជា​អំពើ​ឃ្លាំចាំ​បុគ្គល​ណា​ម្នាក់ ក្នុង​រយៈពេល​មួយ ដើម្បី​ប្រព្រឹត្ត​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ដែល​បទល្មើស​នេះ​អាចជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ ករណី​​មួយ​នេះ បាន​កើតឡើង ដោយអតីត​ប្តី​បាន​បា.ញ់​សម្លា.ប់​អតីត​ប្រពន្ធ​ឲ្យ​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​ផ្ទះ តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ នូ សុជាតា អាយុ​២២​ឆ្នាំ បម្រើ​ការ​នៅ​​ណា​ហ្គាវើ​ល​ដ៍ ។ អ្នក​ទាំង​២ មានកូន​ប្រុស​ម្នាក់ ដែល​ពេលនោះ​ទើប​មាន​អាយុ​១​ខួប​៩​ខែ ប៉ុន្តែ​ពួក​គេបាន​លែងលះ​គ្នា​ដាច់ស្រេច​អស់​រយៈពេល​៣​ខែមក​ហើយ ដោយ​ដឹង​ឮ​ត្រឹម​សាលាសង្កាត់ ព្រោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២​មិន​មាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ ។  ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ អតីត​ប្តី​បាន​ទៅ​ផ្ទះ​របស់​ប្រពន្ធ ហើយ​ក៏​កើតជា​ទំនាស់​ពាក្យ​សម្តី​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ដោយសារ​ប្រចណ្ឌ​អតីត​ប្រពន្ធ​ថា មាន​ស.ហា.យស្ម.ន់​ដែល​នាំ​ឱ្យ​លែង​លះ ។ ក្រោយ​ពី​មានការ​ប្រកែក​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ អតីត​ប្តី​ក៏​នាំ​អតីត​ប្រពន្ធ​ចូល​បន្ទប់ ដើម្បី​និយាយ​វែកញែក​រឿង​ដដែល​នោះ ។  ខណៈ​ពេល​នោះ បងប្រុស​បង្កើត​ជន​រង​គ្រោះ បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដែរ ដើម្បី​ជួយ​សម្រប​សម្រួល តែ​​ត្រូវ​ជនសង្ស័យ​ជា​អតីត​ប្តី​ដក​កាំភ្លើ.ងខ្លី​ម៉ាក​កា​៥៩ ភ្ជ.ង់​ទៅ​លើ​បុរស​ជា​បងថ្លៃ និង​គំរា.ម​ឲ្យ​ចេញ​ពី​បន្ទប់ កុំ​ឲ្យ​ចេះ​ដឹង​រឿង​ប្តី​ប្រពន្ធ​របស់​ពួក​គេ ។  ពេល​នោះ បុរស​ជា​បង​ក៏​ដើរ​ចេញ​ទៅ​វិញ ដោយ​បីកូន​ប្រុស​តូច​របស់​ពួក​គេ​ចេញពី​បន្ទប់​ដែរ ។ រំពេច​នោះ ជនសង្ស័យ​ក៏​បាន​បា.ញ់​​​អតីត​ប្រពន្ធ​ចំ​សៀត​ថ្កា បណ្តាល​ឲ្យ​ស្លា.ប់​នៅ​លើ​គ្រែ​តែ​ម្តង​ទៅ ។ ភ្លាម​ៗ ជនសង្ស័យ​មិន​បាន​រត់គេច​ទៅ​ណា​ឡើយ ហើយ​សាច់ញាតិ​ជនរង​គ្រោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​មូលដ្ឋា​ន ដើម្បី​ទៅ​អន្តរាគមន៍ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​ក្រោម ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី ។  សូម​បញ្ជាក់​ថា យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អតីត​ប្តី​ដែល​មានឈ្មោះ «​ជា អូន សន្តិភាព​» បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម មុន​ពេល​បា.ញ់​​អតីត​ប្រពន្ធ ដោយ​មានបង្ហោះ​ទាំង​ការ​ថត​វី​ដេ​អូ​ប្រពន្ធ និង​កូន​នៅ​ក្នុង​បន្ទប់ ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​សរសេរ​ថា «​ខ្ញុំ​សុំ​ទោស​ម៉ាក់​ប៉ាស​ង​ខាង កូន​មិន​​ចង់​ធ្វើ​អ៊ី​ចឹ​ង​ទេ ព្រោះតែ​ក្តី​ស្រឡាញ់ ។ ខ្ញុំ​កាត់ចិត្ត​មិន​បាន ហើយ​ប្រពន្ធ​ខ្ញុំ គេ​មិន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ទេ ខ្ញុំ​ខំព្យាយាម​ខ្លាំង​ណាស់​កន្លង​មក ។ ខ្ញុំ​ប្រាប់​ហើយ​ថា កុំឱ្យ​កុហក​ខ្ញុំ បំពា.ន ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​ណាស់ មិន​ចង់ឱ្យ​អ្នក​ណា​បាន​ប្រពន្ធ​ខ្ញុំ​ទេ កូនសុំ​ទោស​ម៉ាក់​ប៉ា ខ្ញុំ​ពិបាកធ្វើ​ចិត្តខ្លាំង​ណាស់ ។ ខ្ញុំ​មិន​ចង់​​បែក​ពី​ប្រពន្ធ​ខ្ញុំ​ទេ សូម​ម៉ាក់​ប៉ា​ជួយ​ដាក់​ខ្ញុំ និង​ប្រពន្ធ​របស់ខ្ញុំ​ជាមួយ​គ្នា​អស់​មួយ​ជីវិ.ត ។ កូនសុំ​ទោស​ម៉ាក់​ប៉ា ពូ​មីង បងប្អូន​ទាំងអស់​ជួយ​មើល​កូន​ខ្ញុំ​ផង ទ្រព្យ​ដែល​ខ្ញុំ​មាន​និង​ប្រពន្ធ​ខ្ញុំ ផ្ដល់​ឱ្យ​និង​​ថែរក្សា​កូន​ខ្ញុំ​ផង ។ កូនសុំ​ទោស​ម៉ាក់​ប៉ា​ពូ​មីង​បងប្អូន​ទាំងអស់ ក្តី​ស្រឡាញ់​ខ្ញុំ​កាត់ចិត្ត​មិន​បាន»៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង