អ្នកដែលចូលចិត្តមើលល្ខោន សូមត្រៀម…!​​ អាជ្ញាធរជាតិអប្សរាមានរៀបចំការសម្ដែងល្ខោនក្នុងព្រឹត្តិការណ៍ «​រំលឹកគុណអង្គរ» នៅថ្ងៃនេះ

ខេត្តសៀមរាប៖​​ អាជ្ញាធរជាតិអប្សរា មានរៀបចំការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ «​រំលឹកគុណអង្គរ» ប្រចាំឆ្នាំ២០២៣​​ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១២ធ្នូ ម្សិលមិញ…។  អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ឱ្យដឹងថា​៖​ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងរៀបចំការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមាន៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:០០-២២:០០ ព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៤» នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។  រីឯថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:០០-២២:០០ ការសម្ដែងល្ខោនស្បែកធំ​ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។​​ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ មានការសម្ដែងសិល្បៈចម្រុះ ការសម្ដែងសិល្បៈល្ខោនបុរាណពោលស្រី​​​​ និងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:០០-២២:០០ មានការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត «ចម្បាំងកុម្ពិការណ៍» នៅបរិវេណផ្នែកខាងត្បូង នៃប៉ាវីសអង្គរវត្ត។​​ និងការបង្ហាញក្បាច់គុនបុរាណខ្មែរ នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ (ថ្ងៃទី១៦-១៧ខែធ្នូ) នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនិយមចូលចិត្ត ការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ទៅតាមកម្មវិធីដែលបានជម្រាបជូនខាងលើ និងដើម្បីចូលរួមលើកស្ទួយសិល្បៈល្ខោនយីកេរ និងសិល្បៈទស្សនីយភាពបុរាណខ្មែរ ដែលជាកេរមរតកមិនអាចកាត់ថ្លៃបានរបស់ដូនតាយើង…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង