រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឲ្យអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាបរិយាកាសបោះឆ្នោតឆ្នាំ២០២៤
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត បានស្នើ និងណែនាំទៅ កាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឲ្យបង្កើនការយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជ មាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាស សន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ផងដែរ ។ ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការបង្កើតគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា ទោះបីបរិយាកាសជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចោរកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម ជាពិសេសអាចក្លាយជាកម្មវត្ថុ នៃការចោទប្រកាន់ អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិ ដែលមានទស្សនៈទុទ្ទិដ្ឋិនិយមលើរាជរដ្ឋាភិបាល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការ បង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើស ដែលកើត ឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវរកឱ្យឃើញជនប្រព្រឹត្តបទល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន បញ្ចៀសឱ្យបាននូវនិរទណ្ឌភាពក្នុងសង្គម ។ ថ្លែងដោយភ្ជាប់ទៅនឹងកិច្ចការបោះឆ្នោត ក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ឱ្យយកចិត្តទុកដាក់សហការផ្តល់សេវាសន្តិសុខឱ្យបានល្អ ជាពិសេសត្រូវសហការជាមួយ គ.ជ.ប. គ្រប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដើម្បីមានវិធានការអប់រំ បំភ្លឺជូនមហាជនឱ្យបានយល់ពីឧបាយកលញុះញង់ ប៉ុនប៉ងរំខានការបោះឆ្នោត សំដៅរួមគ្នារ ក្សាភាពស្ងប់ស្ងាត់ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី និងចាត់វិធានឱ្យបានស្រប ទៅតាមច្បាប់ ។ សូមរំលឹកថា ការបោះឆ្នោតសកល និងអសកលជាច្រើនលើកនៅកម្ពុជា នាពេលកន្លងមក គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិ និងជាសក្ខីភាព នៃឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ឈរលើការសហការចូលរួមពង្រឹង លទ្ធិប្រ ជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ដើម្បីពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយកិត្យានុភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ការលើករបស់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតអាណត្តិទី៥ ជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានដូចជា ៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុន ស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ៕ សម្រួលដោយ ទៀង បុណ្ណរី