ក្មេងប្រុសម្នាក់រួចជីវិតពីការវាយប្រហាររបស់ខ្លាឃ្មុំបន្ទាប់ពីឪពុកចូលជួយសង្គ្រោះនៅពោធិ៍សាត់
ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវខ្លាឃ្មុំវាយប្រហារ ហើយឪពុកចូលវាយជាមួយខ្លាឃ្មុំដើម្បីសង្គ្រោះរួចជីវិត ខណៈអ្នកទាំងពីឪពុកកូន ទៅដក គម ក្រវាញ ក្នុងព្រៃក្បែរជើងភ្នំខ្មោច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៤៥ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោចស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក ហ៊ុន រ៉ែម នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំប្រម៉ោយឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកបង្កើតបបួលចេញពីផ្ទះទៅជួយដក គម ក្រវាញ ដើម្បីយកទៅលក់ដោះស្រាយជីវភាព នៅម្ដុំជើងភ្នំខ្មោច មានចម្ងាយពីផ្ទះប្រមាណជាង ៣ គីឡូម៉ែត។ លុះទៅដល់ចំណុចកើតហេតុអ្នកទាំងពីរក៏បានឃ្លាតចម្ងាយពីគ្នាប្រមាណ ៥ ម៉ែត្រ ចូលព្រៃស្រោងវែកព្រៃរកដកគមក្រវាញ ភ្លាមនោះជនរងគ្រោះជាកូនក៏បានវាក់នឹងសត្វខ្លាឃ្មុំដ៍ធំមួយក្បាល វាក៏ភ្ញាក់ហើយលោតមកខាំបោកក្បាល និងជើងខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។ ពេលនោះឪពុកក្រឡេកឃើញភ្លាមក៏បានកាប់ដំបងប៉ុនកដៃចូលជួយសង្រ្គោះកូន ប្រយុទ្ធជាមួយខ្លាំឃ្មុំ ដោយវាយខ្លាឃ្មុំបានពីរដំបង ពេលនោះខ្លាឃ្មុំឈឺក៏រត់ចូលព្រៃស្រោងបាត់។ លោកមេប៉ុស្តិ៍បន្តថា៖ ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំបានហើយ ក៏បានយកមកលំនៅដ្ឋាន រូចក៏រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចក៏បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង។ ក្មេងជនរងគ្រោះឈ្មោះ រឹម រ៉ាន់ អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រងរបួសធ្ងន់ធ្ងរ គឺខ្លាឃ្មុំខាំត្រូវជើងខាងស្ដាំ និងត្រង់ក្បាល៕ សម្រួលដោយ ទៀង បុណ្ណរី