សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យមើលទីតាំងបិទខ្ទប់ក្នុងខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ

TNM(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យមើលទីតាំងបិទខ្ទប់ក្នុងខណ្ឌចំនួន៣ រួមមាន ៖ ខណ្ឌមានជ័យ, ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំចំណុះរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតផងដែរ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា វត្តមានរបស់សម្ដេចនាពេលនេះ គឺជាការផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានកំពុងបំពេញភារកិច្ចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាជនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សម្ដេចក្រឡាហោម បន្ដថា រហូតមកដល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែមិនទាន់មានការថមថយនោះទេ ដូច្នេះ ការការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ គឺជារឿងសំខាន់បំផុតរបស់មនុស្សជាតិ ក្នុងនោះ ក៏រាប់ទាំងប្រទេសកម្ពុជាផងដែរ។ ជាងនេះទៀត សម្ដេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា មន្ត្រីកងកម្លាំងទាំងអស់ក៏មិនខុសពីយើងគ្រប់គ្នានោះដែរ ប៉ុន្តែសម្រាប់ពួកគាត់ ភារកិច្ចបំរើជាតិ និងប្រជាជន ពិសេសការពារសេចក្ដីសុខជូនប្រជាជនមានអាទិភាពជាង។
លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្តថា «យើងម្នាក់ៗសុទ្ធតែខ្លាចកូវីដ-១៩ ហើយយើងថាគួរតែនៅផ្ទះទើបសុខជាង។ ចុះចំណែកបងប្អូន អាជ្ញាធរ និងកងកម្លាំង យើងដែលកំពុងបំពេញភារកិច្ចនេះវិញ? គាត់ក៏ដូចយើងដែរ។ ដូច្នេះខ្ញុំត្រូវតែចុះមកផ្ដល់កម្លាំងចិត្តដល់ពួកគាត់»។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញសួរសុខទុក្ខអាជ្ញាធរ និងកងកម្លាំង កំពុងបំពេញភារកិច្ចនៅតាមគោលដៅអនុវត្តវិធានការបិទខ្ទប់ទីតាំងនានា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ទឹកសុទ្ធ មីកំប៉ុង និងសម្ភារការពារជំងឺកូវីដ-១៩មួយចំនួនទៀតជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅផងដែរ៕
អត្ថបទដែលជាប់ទាក់ទង