តើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ជាការរំលោភសិទ្ធិឯកជនភាពរបស់បុគ្គលដែរឬទេ ?
TNM(ភ្នំពេញ) ៖ ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋអាចកំហិតសិទ្ធិសេរីភាពមួយចំនួនដែលជាសិទ្ធិមិនដាច់ខាតរបស់ពលរដ្ឋបាន ដូចជាការជួបជុំ ដើរហើរ ប្រមូលផ្តុំ ការសម្តែងមតិ រួមទាំងសិទ្ធិឯកជនភាពបុគ្គលផងដែរ ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈជាដើម។ល។ ហើយដែលត្រូវធ្វើក្នុងកាលៈទេសៈចាំបាច់បំផុត និងជាបណ្តោះអាសន្ន។
លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ ថា ដូច្នេះ ការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ របស់កម្ពុជា មិនមែនជាការរំលោភលើសិទ្ធិឯកជនភាពរបស់បុគ្គនោះទេ ព្រោះថា វាធ្វើឡើងក្នុងកាលៈទេសៈចាំបាច់បំផុតក្នុងការស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវី-១៩នេះបានទាន់ពេលវេលា និងមិនមែនធ្វើឡើងជាអចិន្រ្តៃយ៍នោះទេ ដូចដែលយើងធ្លាប់ធ្វើម្តងរួចមកហើយក្នុងរយៈពេលបណ្តោះអាសន្នខ្លីតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍លើកទី២ ដែលជាលទ្ធផល យើងទទួលបានជោគជ័យនិងអាចគ្រប់គ្រងបិទបញ្ចប់បានទាំងស្រុងនូវព្រឹត្តិការណ៍នោះ ៕