កាសែតអាម៉េរិកចុះផ្សាយថា៖អ៊ីស្រាអែលពិចារណាបង្ហូរទឹកសមុទ្រចូលផ្លូវរូងក្រោមដីនៅហ្កាហ្សាដើម្បីបង្ខំពួកហាម៉ាសចេញមកក្រៅ
កាសែត Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាម៉េរិក បានរាយការណ៍កាលពីថ្ងៃចន្ទទី៤ខែធ្នូថា អ៊ីស្រាអែលបានប្រមូលផ្តុំប្រព័ន្ធបូមទឹកដ៏ធំមួយ ដែលអាចប្រើសម្រាប់ជន់លិចផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្រោមតំបន់ហ្កាហ្សា ក្នុងគោលបំណងដើម្បីបង្ខំក្រុមនេះចេញមកខាងក្រៅ។ របាយការណ៍ បានរៀបរាប់ថា នៅពាក់កណ្តាលខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលបានបញ្ចប់ការដំឡើងម៉ាស៊ីនបូមទឹកយ៉ាងហោចណាស់៥ ដែលមានចម្ងាយប្រហែលមួយម៉ាយពីភាគខាងជើងនៃជំរំជនភៀសខ្លួនអាល់-សាទី។ ប្រព័ន្ធម៉ាស៊ីនបូមនេះ បញ្ជូនទឹករាប់ពាន់ម៉ែត្រគូបក្នុងមួយម៉ោងដោយជន់លិចផ្លូវរូងក្រោមដីក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ យ៉ាងណា វាមិនច្បាស់ទេថា តើអ៊ីស្រាអែលនឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹក មុនពេលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងឬយ៉ាងណានោះទេ។ ក្រុមសកម្មប្រយុទ្ធហាម៉ាសធ្លាប់បានលើកឡើងថា ខ្លួនបានលាក់ចំណាប់ខ្មាំងនៅក្នុងកន្លែងសុវត្ថិភាព និងផ្លូវរូងក្រោមដី។ នៅពេលចោទសួរអំពីរឿងនេះ មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា វាសមហេតុផលសម្រាប់អ៊ីស្រាអែលក្នុងការធ្វើឱ្យផ្លូវរូងក្រោមដីមិនអាចដំណើរការបាន ហើយថាប្រទេសនេះកំពុងស្វែងរកវិធីជាច្រើនដើម្បីធ្វើដូច្នេះ។ ក្រសួងការពារជាតិអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ កាសែត Wall Street Journal បានចុះផ្សាយបន្ថែមថា មន្ត្រីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការបង្ហូរទឹកចូលក្នុងរូងក្រោមដី ប៉ុន្តែ IDF កំពុងប្រតិបត្តិការដើម្បីរុះរើសមត្ថភាពភេរវកររបស់ក្រុមហាម៉ាសតាមវិធីផ្សេងៗ ដោយប្រើឧបករណ៍យោធា និងបច្ចេកវិទ្យាផ្សេងៗគ្នា។ កាសែត Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលបានជូនដំណឹងជាលើកដំបូងដល់សហរដ្ឋអាម៉េរិកអំពីជម្រើសកាលពីខែមុន ដោយរាយការណ៍ថាក្រុមមន្ត្រីមិនដឹងថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ អាចនឹងជោគជ័យប៉ុណ្ណាទេក្នុងការអនុវត្តផែនការនេះ។ អ៊ីស្រាអែលមិនទាន់សម្រេចចិត្តចុងក្រោយក្នុងការបន្តដំណើរការឬបញ្ឈប់នោះទេ។ កងកម្លាំងអ៊ីស្រាអែល បានរកឃើញច្រកចូលចំនួន៨០០ ដែលនាំទៅដល់បណ្តាញផ្លូវរូងក្រោមដី និងលេណដ្ឋានដ៏ធំរបស់ក្រុមហាម៉ាស ចាប់តាំងពីប្រតិបត្តិការផ្ទាល់របស់ទីក្រុងហ្ស៊េរុយហ្សាឡឹមនៅតំបន់ហ្កាហ្សាបានចាប់ផ្តើមកាលថ្ងៃទី២៧ ខែតុលា ខណៈអ៊ីស្រាអែលបានបំផ្លិចបំផ្លាញច្រកចូលផ្លូវរូងក្រោមដីនោះជាងពាក់កណ្តាលហើយ។ ចំពោះស្ថានការណ៍សង្គ្រាមវិញ កងកម្លាំងអ៊ីស្រាអែលបានបន្តទៅមុខជាមួយនឹងការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងវាយប្រហារតាមជើងគោកនៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង ដោយបានសម្លាប់ និងរបួសដល់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ សូម្បីតែសហរដ្ឋអាម៉េរិក និងអង្គការសហប្រជាជាតិបានជំរុញរដ្ឋធានីហ្ស៊េរុយសាឡិមម្ដងហើយម្ដងទៀតឱ្យការពារជនស៊ីវិលក៏ដោយ។ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល សហរដ្ឋអាម៉េរិក បានលើកឡើងថា ការវាយលុករបស់អ៊ីស្រាអែលនៅភាគខាងត្បូង មិនគួរកើតឡើងម្ដងទៀតនូវចំនួនជនស៊ីវិលដ៏ច្រើននោះទេ។ នៅឯអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូទែរេស (Antonio Guterres) បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យជៀសវាងសកម្មភាពបន្ថែមទៀត ដែលនឹងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កាន់តែអាក្រក់ទៅៗ និងដើម្បីសង្គ្រោះជនស៊ីវិលពីការឈឺចាប់បន្ថែមទៀត។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា៖«លោកអគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើតឡើងជាថ្មីនៃអរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស…សម្រាប់មនុស្សដែលត្រូវបានបញ្ជាឱ្យជម្លៀស គ្មានកន្លែងណាមានសុវត្ថិភាពក្នុងការទៅទេ ហើយមានសង្ឃឹមតិចតួចបំផុតក្នុងការរស់រានមានជីវិត»។ សូមជម្រាបថា អ៊ីស្រាអែលបានដណ្តើមយកពាក់កណ្តាលភាគខាងជើងនៃតំបន់ហ្កាហ្សាក្នុងខែវិច្ឆិកា ហើយចាប់តាំងពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានដួលរលំកាលពីថ្ងៃសុក្រសប្តាហ៍មុន យោធាអ៊ីស្រាអែលបានវាយរុញច្រានយ៉ាងលឿនចូលទៅក្នុងពាក់កណ្តាលភាគខាងត្បូង។ រថក្រោះអ៊ីស្រាអែលបានបើកចូលទៅក្នុងហ្កាហ្សាឆ្លងកាត់ព្រំដែន និងកាត់ផ្តាច់ផ្លូវសំខាន់ពីខាងជើងទៅខាងត្បូង។ ប្រហែល ៨០ ភាគរយនៃប្រជាជន ២,៣ លាននាក់នៅហ្កាហ្សាបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេរួចហើយនៅក្នុងរយៈពេលប្រាំបីសប្តាហ៍នៃសង្រ្គាម ដែលបានប្រែក្លាយតំបន់ណែនតាន់តាប់នេះទៅជាវាលរហោស្ថាន៕ សម្រួលដោយ ទៀង បុណ្ណរី