ប្រាក់ខែមន្ត្រីកសិកម្មឃុំនឹងទទួលបានដូចគ្រូបង្រៀន ១,៤ លានរៀលនាឆ្នាំដំបូង រួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗ
មន្ដ្រីកសិកម្មឃុំ ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានប្រាក់បៀវត្សដូចគ្រូបង្រៀននៅតាមតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូចដែលមានកំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាន៍នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ថា មន្ត្រីកសិកម្មនឹងចូលក្នុងក្របខណ្ឌ «ក» «ខ», «គ» ក្រោយការប្រឡងរួចរាល់ក្នុងដំណាក់កាលមួយឆ្នាំនៃការធ្វើកម្មសិក្សាតាមឃុំគោលដៅ មន្ត្រីកសិកម្ម ទទួលបានប្រាក់បៀវត្សទាបបំផុត ១ លាន ៤ សែនរៀល តាមប្រភេទក្របខណ្ឌ និងទទួលបាន ប្រាក់ឧបត្ថម្ភ ១ សែន ៦ ម៉ឺនរៀល ក្នុង១ខែ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។ បើតាមឯកឧត្តមរដ្ឋមន្ត្រីរាជរដ្ឋាភិបាលយកមូលដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀបចំការប្រឡងធ្វើឡើងដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។ ការប្រឡងមន្ត្រីកសិកម្មឃុំ សង្កាត់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣នេះ ដែលមានបេក្ខជនចូលរួមប្រឡងសរុបមានចំនួន ៣ ៣២៩ នាក់ សម្រាប់ការជ្រេីសរេីស ២៥០ នាក់នៅឆ្នាំ ២០២៣។ នៅដេីមឆ្នាំ ២០២៤ ក្រសួងកសិកម្ម នឹងជ្រេីសរេីសថែម ៨០០ នាក់ទៀត និង ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១៦០០ នាក់។ ការប្រឡងមានមុខវិជ្ជាកសិកម្ម ចំណេះដឹងទូទៅ និងភាសាអងគ្លេស (កសិកម្ម)៕ សម្រួលដោយ ទៀង បុណ្ណរី