ក្រសួងសាធារណការ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា នាពេលបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ​អះអាងថា បច្ចុប្បន្ន កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នូវកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ និងផលចំណេញច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្តឱ្យបានច្រើនបន្ថែមទៀតនៅតាមរាជធានី-ខេត្ត…។  ការគូសបញ្ជាក់របស់ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងនាឱកាសអញ្ជើញក្នុងពិធីបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានលើកឡើង ពីសារសំខាន់នៃការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ ដែលជាសេនាធិការ បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្តឱ្យបានច្រើនបន្ថែមទៀត នៅតាមរាជធានី ខេត្ត។  បច្ចុប្បន្ន កម្ពុជាមានចំនួន១៨ទីតាំង និង២៣ស្ថានីយសាក(ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ដោយក្រសួងបានខិតខំពង្រីកបន្ថែមទៀតឱ្យបានច្រើននៅតាមខេត្ត ឬតំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗ។ លោក ពៅ ម៉ាលី បានសង្កត់ធ្ងន់ថា«ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង»។  គួរជម្រាបថា នាពេលថ្មីៗនេះ ក្រសួងសាធារណការទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ក្នុងតម្លៃសមរម្យអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនាពេលខាងមុខ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង