ផ្ទុះការវាយប្រហារភេរវកម្មនៅ បារាំង ជនសង្ស័យប្រើកាំបិត និងញញួរសម្លាប់មនុស្ស
បុរសវ័យ ២៦ ឆ្នាំម្នាក់ដែលអាជ្ញាធរបារាំងស្គាល់ថាជាអ្នកកាន់សាសនាឥស្លាម និងថែមទាំងមានបញ្ហាផ្លូវចិត្តផងដែរនោះ បានចាក់សម្លាប់អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ និងប្រើញញួរវាយមនុស្ស ២ នាក់ទៀតបណ្ដាលឲ្យរងរបួសនៅកណ្តាលទីក្រុងប៉ារីសកាលពីយប់ថ្ងៃសៅរ៍ ទី២ ខែធ្នូ ។ ទាក់ទិននឹងរឿងរ៉ាវនេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅហេតុការណ៍ដែលកើតឡើងនៅជិតប៉ម Eiffel ក្នុងទីក្រុងប៉ារីស ថាជា “ការវាយប្រហារភេរវកម្ម” ហើយលោកក៏បានផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់អ្នកទេសចរជនជាតិអាល្លឺម៉ង់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ ។ ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយនៅកន្លែងកើតហេតុក្បែរមាត់ទន្លេ Seine ថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយការវាយប្រហារភេរវកម្ម ហើយថែមទាំងបានសារភាពថា រូបគេបើកការវាយប្រហារនេះ ដោយសារមានការខឹងសម្បារយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ជាពិសេសគឺស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋរាប់ម៉ឺននាក់នៅប៉ាឡេស្ទីន ។ ដោយឡែក លោករដ្ឋអាជ្ញា Jean-François Ricard បាននិយាយថា ជនសង្ស័យជាអ្នកកាន់សាសនាឥស្លាម ហើយរូបគេក៏ធ្លាប់បានសន្យាពីភក្ដីភាពចំពោះក្រុមរដ្ឋឥស្លាមជីហាដផងដែរ ។ ជនសង្ស័យត្រូវបានគេដាក់ឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយបារាំងថា Armand R ជាជនជាតិបារាំងកើតក្នុងប្រទេសបារាំង ប៉ុន្តែមានឪពុកម្តាយជនជាតិអ៊ីរ៉ង់ ។ ស្របពេលជាមួយគ្នានេះ ប៉ូលិសបាននិយាយថា ជនសង្ស័យក៏ធ្លាប់មានទោសទាន់ជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរពីបទរៀបចំផែនការវាយប្រហារស្រដៀងគ្នានេះ ប៉ុន្តែត្រូវបានដោះលែងវិញកាលពីឆ្នាំ ២០២០ ហើយជនសង្ស័យក៏កំពុងតាមដានការព្យាបាលបញ្ហាផ្លូវចិត្តផងដែរ ។ គួរបញ្ជាក់ថា ភាពចលាចលបែបនេះមិនមែនកើតឡើងតែក្នុងប្រទេសបារាំងនោះទេ ពោលប្រទេសផ្សេងៗនៅអឺរ៉ុបក៏កំពុងផ្ទុះបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ពាក់ព័ន្ធទៅនឹងសង្គ្រាមទៅលើក្រុមប្រដាប់ប៉ាឡេស្ទីនហាម៉ាសដែលរហូតមកដល់ពេលនេះអូសបន្លាយពេលជិត ២ ខែទៅហើយ ៕ សម្រួលដោយ ទៀង បុណ្ណរី