​មុខសញ្ញាដ៏សកម្មម្នាក់​ធ្លាប់​ជាប់គុ.ក​២​ដង​ហើយ​មិន​រាង​ចាល ឥឡូវ​លួច​ឡាន១​គ្រឿង ម្ចាស់​ឃើញ​ទាន់​ស្រែក​​ផ្អើល

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​គឺជា​មុខសញ្ញា​ចោរកម្ម​ដ៏​សកម្ម​ ហើយ​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនា​គារ​ដល់​ទៅ​២​ដង​មក​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ចេញ​មក​វិញ​មិន​បាន​រាងចាល​សូ​ម្បី​តែ​បន្តិចឡើយ ។​ ចុង​ក្រោយ​នេះ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​តាម​ផ្លូវ​ដើរ​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ ។ ប៉ុន្តែ​បម្រុង​បើក​គេច​ទៅ​ហើយ ក៏​​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ឆោ​ឡោថា​«​ចោរ​ៗ»​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​រួច​ប្រគល់​ជូន​នគរបាល​ខណ្ឌដង្កោ​តែ​ម្ដង​។  ហេតុការណ៍ខាងលើ​​នោះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​​ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​ផ្សារ​សា​រឿ​ន​យ៉ា​នី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។  តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ គង់ វិ​ច្ឆ័​យ ភេទប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៩ ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជន​នេះ​មាន​សមាសភាព​ជា​មុខ​ចោរកម្ម ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​ដង​មក​ហើយ ដោយឡែក​ពេល​នេះ​បានធ្វើសកម្មភាព​​លួច​រថយន្ត​មួយគ្រឿង​ម៉ាក​RANGE ROVER ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ កម្ពុជា LNL-7979 ​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ម៉េ​ង ចាន់​ថន អាយុ​៥០ឆ្នាំ​ ជនជាតិ​វៀតណាម មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣១២ ផ្លូវលំ សង្កាត់​ដង្កោ ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។  តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​ជនជាតិ​វៀតណាម​រូប​នោះ​បាន​បើករថយន្ត​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​សា​រឿ​ន​យ៉ា​នី ហើយ​មិន​បាន​ដក​សោរ​ចេញ​ទេ បន្ទាប់​មក​ក៏​ចុះ​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​។ ខណៈនោះ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ដើរទៅ​ជិត​ រួច​បើកទ្វារ​រថយន្ត​ឡើង​ជិះ​បម្រុង​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ស្ត្រី​ម្ចាស់​រថយន្ត​នោះ​ឃើញ​ទាន់​ក៏​ស្រែ​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ដែល​ស្ថិត​នៅ​ក្នុង​ផ្សារ​នាំ​គ្នា​ជួយ​ដេញ​តាម​ព័ទ្ធ​ចាប់​។ ពេល​នោះ​ជនសង្ស័យ​បាន​បើករថយន្ត​ទៅ​បុក​ជាមួយ​រថយន្ត​អ្នកដំណើរ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទើប​ចាប់បាន​រួច​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌដង្កោ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​ ៕​    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង