សិស្សម្នាក់នៅខេត្តសៀមរាប ប្រឡងបាក់ឌុបជាប់និទ្ទេសAក្នុងកម្រិតពិន្ទុ១០០ពេញ
ខេត្តសៀមរាប ៖ សិស្សម្នាក់នៅខេត្តសៀមរាប ឈ្មោះទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្តងទៅនេះ គឺទទួលបាននិទ្ទេសA និងទទួលបានពិន្ទុខ្ពស់ជាងគេ គឺពិន្ទុ១០០ពេញ ។ យោងតាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប សិស្សដែលប្រលងបាននិទ្ទេសA ចំនួន១៨៨ នាក់ ក្នុងនោះ យុវជនឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប ជាបេក្ខជនដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ តាមពីក្រោយដោយយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩,៩៩៩។ សូមបញ្ជាក់ថា សិស្សនិទ្ទេសA ឆ្នាំនេះ មានចំនួន១.៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានចំនួន១.០៤៨នាក់ ប៉ុន្តែទាបជាងឆ្នាំ២០២១ ដែលមានចំនួន ១.៧៥៣នាក់ ។ យោងតាមរដ្ឋបាលខេត្តសៀមរាប ចាប់ តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុបនិទ្ទេស A មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន ២១នាក់ , ឆ្នាំ២០១៩ ចំនួន ៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ ចំនួន ១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់៕ សម្រួលដោយ ទៀង បុណ្ណរី