មហេសី​ព្រះ​ឥសូ ជា​អ្នក​ចម្បាំង​ដ៏​ល្បីល្បាញ

រាជធានី​ភ្នំពេញ ​៖ ​ព្រះ​នាង​ទុ​គ៌ា​ជា​ទេព​ស្រី​ទាក់ទង​ចម្បាំង​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ព្រហ្មញ្ញសាសនា និង​ជា​មហេសី​​របស់​ព្រះ​ឥសូរ ។ ទេវ​កថា ដែល​ពេញ​និយម​មួយ​និយាយ​ពី​ព្រះ​នាង​ទុ​​គ៌ា ​មានឈ្មោះ​ថា «​ទុ​គ៌ា​​ម​ហិង្សា​សុរ​មា​ទ៌ិ​និ​ / Durga Mahishasurmardini» ពណ៌នា​ពី​ចម្បាំង​ប្រយុទ្ធ​គ្នា​រវាង​ព្រះ​នាង​ទុ​គ៌ា និង​បិសាច​ក្របី​ម​ហិង្សា​សុរ ហើយ​បាន​ទទួល​ជ័យជម្នះ​ អំណាច​ដោយ​ព្រះ​នាង​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍​ ដែល​មាន​សមត្ថភាព​សម្លា.ប់​បិសាច​ក្របី​ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​នៃ​ចក្រវាល ​មិនមែន​ដោយសារ​កំហឹង​នោះ​ទេ ។   បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ នៅ​ក្នុង​សិល្បៈ​ខ្មែរ ការ​បង្ហាញ​ទម្រង់​ព្រះ​នាង​ទុ​គ៌ា​ដំបូង​ចាប់តាំងពី​រចនាបថ​ភ្នំ​ដា និង​បន្ត​រហូត​ដល់​រចនាបថ​បាយ័ន​ ដែល​មាន​ទាំង​បដិមា​ទោល និង​ចម្លាក់​ជា​គ្រឿង​លម្អ​ស្ថាបត្យកម្ម សសរ​ផ្អោប ផ្តែរ ហោជាង​ជាដើម ។  ចំណែក​ឥណ្ឌា​ និយម​ឆ្លាក់​ជា​សាច់​រឿង​នៅ​តាម​ប្រាសាទ​ដូច​ជា ៖ ចម្លាក់​ក្រឡោត​ខ្ពស់​មក​ពី​ប្រាសាទ​Mahapaliburam ក្នុង​សតវត្ស​ទី​៧ និង​ប្រតិមា​ទោល​ក្នុង​សម័យ ​Pala-Sena នៃ​សតវត្ស​ទី​១២ ។   បដិមា​ទោល ​ព្រះ​នាង​ទុ​គ៌ា​ ជា​សមុច្ច័យ​របស់​សារមន្ទីរ​ជាតិ​កម្ពុជា ​ដែល​យក​មក​បង្ហាញ​នេះ ជា​អំណោយ​របស់​ព្រះ​ចៅអធិការ​វត្ត​សិរី​សាគរ ​ប្រគល់​ជូន​មក​សារមន្ទីរ​ជាតិ​នា​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​១៩៥៣ ដែល​ស្ថិត​ក្នុង​រចនាបថ​ព្រៃ​ក្មេង នា​សតវត្ស​ទី​៧-៨ មាន​ប្រភព​មក​ពី​ទួល​កំណប់ ភូមិ​ក្រសាំង​ចារ ឃុំ​ពញា​លៀង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។បដិមា​នេះ​ មាន​រាង​ស្រ​ឡូ​ន កាច់ចង្កេះ​បន្តិច មាន​ព្រះ​ហស្ត​បួន តែ​បាត់បង់​អស់​បី​នៅ​សល់​តែ​មួយ​ខាងស្តាំ​ផ្នែក​ខាងក្រោយ​ដោយ​មាន​កាន់​ជាប់​ចុង​បន្តិច​នៃ​កេតនភណ្ឌ​របស់​ទ្រង់ ។ ផ្នែក​ផ្សេង​ៗ​បាក់​បាត់​អស់​ពុំ​អាច​កំណត់​ថា ​មាន​កាន់​កេតនភណ្ឌ​អ្វី​ប្រាកដ ។ សំពត់​ស្តើង​មាន​លម្អ​ជា​ក្បាច់​ឆូត​នៅ​សងខាង​សំពត់​បត់​ចូល​ក្នុង​ទម្លាក់​ផ្នត់​ចេញ​ក្រៅ​ដែល​មាន​សណ្ឋាន​ដូច​ផ្លែ​សណ្តាយ ។ មុខ​រាង​មូល​ទ្រវែង ភ្នែក​តឹង​បន្តិច ចិញ្ចើម​មិន​ជួប​គ្នា ទងត្រចៀក វែង​ៗ និង​មាន​គ្រង​មកុដ​រាង​បំពង់ ។  បដិមា​នេះ​ឆ្លាក់​ឈរ​នៅ​លើ​ជើង​ទម្រ​មាន​រូប​ក្បាល​ក្របី​លាន​ចេញ​ក្រៅ​សម្គាល់​ជា​ក្របី​ម​ហិង្សា​សុរ ។ បដិមា​ទុ​គ៌ា​ម​ហិង្សា​សុរ​មា​ទ៌ិ​និ ​/ Durga Mahishasurmardini នេះ​ធ្លាប់​នាំ​យក​ទៅ​តាំងពិព័រណ៍​នៅ​ឯ​ក្រៅប្រទេស​ជា​ច្រើន​លើក​ច្រើន​សា ​ដើម្បី​ផ្សព្វផ្សាយ​ពី​ភាព​ប៉ិន​ប្រសប់​ ក៏​ដូច​ជា​ស្នាដៃ​ពិចិត្រ​របស់​សិល្បៈ​ខ្មែរ នៅ​លើ​ឆាក​អន្តរជាតិ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង