ប្រជាពលរដ្ឋនៅក្នុងភូមិថ្មដូនអបអរសាទរដោយបាន ទទួលអំណោយពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជាអណ្ដូងទឹកមួយកន្លែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ

TNM(ខេត្តឧត្តរមានជ័យ) ៖ នៅថ្ងៃចន្ទទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានចុះពិនិត្យការសាងសងអណ្ដូងទឹកមួយកន្លែង នៅក្នុងភូមិថ្មដូន ស្ថិតក្នុងស្រុកបន្ទាយអំពិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីមួយចំនួនទៀត។
តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា នៅតំបន់នេះពិបាកនឹងរកប្រភពទឹកក្នុងការប្រើប្រាស់ណាស់ពីព្រោះតំបន់នេះសុទ្ធសឹងតែថ្ម ដែលជាផលលំបាកសម្រាប់ប្រជាពលរដ្ឋក្នុងការបុកខួងអណ្ដូងយកទឹកប្រើប្រាស់។ ក្រោយពីទទួលបានដំណឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់មន្ត្រីជំនាញស្វែងរកពិភពទឹក ក៏បានប្រទះនៅចំណុចមួយក្នុងភូមិថ្មដូន ដែលមានទឹកចេញគ្រប់ខែប្រាំង និងវស្សា ដែលអាចឱ្យប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់សម្រាប់ស្រោចស្រព និងប្រើប្រាស់តាមតម្រូវការបាន ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យក្រុមការងារជីកអណ្ដូងនេះឡើងដើម្បីជូនប្រជាពលរដ្ឋ។ បន្ទាប់ពីជីកអណ្ដូងនេះរួចរាល់ហើយ ឯកឧត្តមអភិបាលខេត្ត សង្កេតឃើញថាស្ថានភាពផ្លូវចូលពីផ្លូវជាតិ ចូលទៅអណ្ដូងទឹកមានចម្ងាយឆ្ងាយហើយពិបាកក្នុងការធ្វើដំណើរផង ឯកឧត្តម បានបញ្ជាទៅមន្ទីរសាធារណការខេត្ត ដើម្បីសាងសង់ផ្លូវគ្រួសក្រហមមួយខ្សែដែលមានទទឹង ០៦ ម៉ែត្រ និងបណ្ដោយជាង ១០០ ម៉ែត្រទៅកាន់អណ្ដូងទឹក និងបានឧបត្ថម្ភម៉ូទ័របូមទឹកមួយគ្រឿងសម្រាប់ទាញយកទឹកប្រើប្រាស់ ដើម្បីសម្រួលដល់ដល់ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភនូវភ្លើងអំពូលស៊ូឡាចំនួន២ គ្រាប់សម្រាប់ដាក់បំភ្លឺផ្លូវចូលទៅកាន់អណ្ដូងទឹក៕
អត្ថបទដែលជាប់ទាក់ទង