ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ភ្នំពេញៈ  ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា និងឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា។   ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រឹទ្ធសភា ។ ក្នុងសម័យប្រជុំនេះ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។  ការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ អង្គប្រជុំព្រឹទ្ធសភាយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស។  ថវិកានេះ ត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការអនុវត្ត «គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា» ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្ស និងលើសមត្ថភាពស្ថាប័នគឺ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល លើប្រសិទ្ធភាព និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ហើយអាចប្រសិទ្ធនាមបានថា «ជាថវិកាយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងទ្រទ្រង់ ដំណើរវិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។  លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏ដូចជាការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។  សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៥ជំពូក ១៤មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។  ទន្ទឹមនឹងនេះព្រឹទ្ធសភាក៏បានពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង