ចប់ហើយបើយ៉ាងៗនេះ មិនរស់ទេ ជាតិនេះ! សាច់បង្កក​​ សាច់គោខូចគុណភាព ១,៥០០គីឡូក្រាម​ និងសាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារ​បញ្ជាក់ ១២,៦០០គីឡូក្រាម

រាជភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ​បានបន្ត​ត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣​។  អគ្គនាយកដ្ឋាន ក.ប.ប. ​បាន​ប្រកាស​ថា លទ្ធផល​នៃការត្រួតពិនិត្យនេះ គឺទីតាំងទី១៖ បាន​សហការ​ជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញ ផលិត​ផលសាច់គោ ក្របី និងគ្រឿងក្នុង បង្កក រួមមាន៖ សាច់គោខូចគុណភាព ប្រមាណ ១,៥០០គីឡូក្រាម និងសាច់គោ ក្របី និងគ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២,៦០០គីឡូក្រាម។  ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. អនុវត្តនីតិវិធី កិបសៀល លើទូរបង្កកសាច់ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល ១សប្ហាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់ ចំពោះមន្ត្រីជំនាញ។  ទីតាំងទី២ ត្រូវបាន​អគ្គនាយកដ្ឋាន ក.ប.ប. ប្រកាសថា មានកិច្ចសហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមាន៖ សាច់គោ ក្របី និងគ្រឿងបំណែក ប្រមាណ ៦០,៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា។ រីឯ​សាច់មាន់ បរិមាណ ១,៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។  ទន្ទឹមនឹងនោះ មន្រ្តីជំនាញ បានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.។  យ៉ាងណាមិញ ដោយសារលក្ខខណ្ឌរក្សាទុក នៅមានកម្រិត (-3) (-7) និង(-11)អង្សារ និងការដឹកជញ្ជូន ពុំសមស្របតាមលក្ខណៈបច្ចេកទេស មន្រ្តីជំនាញ បានធ្វើការអប់រំណែនាំ​ឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍ តាមបទប្បញ្ញត្តិជាធរមាន៕  សម្រួលដោយ  ដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង