ផ្ទុះការតវ៉ាស្នើឱ្យដោះលែងស្ដ្រីម្នាក់ ខណៈពលរដ្ឋអះអាងថា សមត្ថកិច្ចឃាត់ខ្លួនខុសមនុស្សលើករណីជួញដូរផ្លូវភេទ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតំបន់ផែថ្ម បានប្រមូលផ្ដុំគ្នា​ស្រែកតវ៉ា សុំឱ្យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចបានឃាត់ខ្លួនខុសមនុស្ស ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅម្តុំហាងម៉ាស្សា ក្បែរផ្ទះសំណាក់ផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ នាវេលាម៉ោងជិត១១យប់ ប្រទះឃើញសមត្ថកិច្ចមួយក្រុម ដែលមានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សា ដែលជ្រកក្រោមស្លាកយីហោ «ជូលីកាហ្វេ» ដែលហាងកាហ្វេមួយកន្លែងលួចបង្កប់សេវាកម្មជួញដូរផ្លូវភេទ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។ ប្រភពដដែលបន្ដថា​ ស្របពេលដែលសមត្ថកិច្ចកំពុងអនុវត្តដីកានោះ គេបានឃើញវត្តមានស្ដ្រីចំណាស់ម្នាក់ ដែលគេអៈអាងថា ជាអ្នកលក់កាហ្វេ បានយកកាហ្វេទៅឱ្យហាងម៉ាស្សា ក៏ត្រូវបានជនស៊ីវិលម្នាក់ដែលមកជាមួយមន្ត្រីមានឯកសណ្ឋាន២នាក់ទៀតទាស់សំដីគ្នា ក៏ផ្ទុះជាជម្លោះ ឈានដល់ការប្រើអំពើហិង្សា និងឃាត់ខ្លួនស្ដ្រីចំណាស់នោះនៅក្នុងទីតាំងកើតហេតុតែម្ដង។  យ៉ាងណាមិញ ហេតុការណ៍មួយនេះបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ កើតមាននូវការមិនសុខចិត្ត​ ក៏បាននាំគ្នាមកធ្វើការតវ៉ា សុំឱ្យសមត្ថកិច្ចដោះលែងអ្នកដែលមិនពាក់ព័ន្ធក្នុងការជួញដូរផ្លូវភេទ នៅទីតាំងហាងម៉ាស្សាមួយកន្លែងនោះ ទាំងកណ្ដាលយប់តែម្ដង។ ក្នុងនោះដែរ ក្រុមគ្រួសារស្ដ្រីរងគ្រោះខាងលើ បានរៀបរាប់ពីហេតុការណ៍ ឱ្យអង្គភាពសារព័ត៌មាន  ដឹងថា៖ មុនពេលកើតហេតុ ពួកគាត់កំពុងធ្វើការ ស្រាប់តែទទួលដំណឹងថា ម្តាយរបស់ពួកគាត់ ត្រូវបានគេប្រើហិង្សា និងចាប់វាយខ្នោះរុញចូលហាងកាហ្វេខាងលើនោះមិនឱ្យចេញក្រៅ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ពួកគាត់បានមកដល់ទីតាំង ឃើញសភាពម្តាយរបស់ខ្លួនត្រូវគេឃុំក្នុងហាង និងមានស្នាមវាយនៅផ្ទៃមុខ ក៏កើតក្ដីបារម្ភ និងខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើមួយនេះ ពួកគាត់ក៏បានហៅអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋមកជួយ ដោយអះអាងយ៉ាងច្បាស់ៗថា ម្តាយរបស់គាត់ មិនបានជាប់ពាក់ព័ន្ធជាមួយការជួញដូរមនុស្សនោះទេ។ បុរសរូបនោះបន្ដទៀតថា សព្វថ្ងៃម្តាយរបស់គាត់ជាស្ដ្រីមេផ្ទះ និងមានមុខរបរលក់កាហ្វេ លេងតុងទីនតែប៉ុណ្ណោះ ហេតុអ្វីបានជាសមត្ថកិច្ចឃុំខ្លួនម្តាយគាត់ និងប្រើអំពើហិង្សា ទាំងដែលម្ដាយរបស់គាត់មិនបានជាប់ពាក់ព័ន្ធសោះបែបនេះ…?  ដោយឡែក បន្ទាប់ពីក្រុមគ្រួសារខាងស្ដ្រីរងគ្រោះខាងលើ ព្រមទាំងអ្នកភូមិជួយឈឺឆ្អាលកើតទុក្ខមិនសុខចិត្ត និងនាំគ្នាតវ៉ាឱ្យដោះលែងផងដែរនោះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានចេញមកសួរនាំជុំវិញហេតុការណ៍នោះ ព្រមទាំងបានបកស្រាយថា ពួកគាត់មិនបានប្រើហិង្សាទៅលើស្ត្រីរងគ្រោះនោះទេ ចំណែកអ្នកវាយស្ត្រីរងគ្រោះ ពួកគាត់ក៏មិនបានស្គាល់ដែរ គឺដឹងត្រឹមតែចុះអនុវត្តតាមដីកា ស្របពេលស្ត្រីរងគ្រោះខាងលើ មានវត្តមាននៅក្នុងហាងដែលជាចំណុចត្រូវអនុវត្តដែរនោះ ដូច្នេះសមត្ថកិច្ចត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់ ហើយអ្នកដែលមិនពាក់ព័ន្ធ គឺកម្លាំងសមត្ថកិច្ចនឹងដោះស្រាយវិញនៅពេលក្រោយ។ សុំបញ្ជាក់ថា ក្រោយកើតហេតុ ដោយសារមានការអះអាងជាច្រើនពីមហាជន ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាដោះលែងស្ត្រីម្នាក់នោះ តាមសំណើប្រជាពលរដ្ឋ តែការអនុវត្តនៅតែបន្តទៅលើហាងកាហ្វេមួយនោះដដែល​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង