ឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតមួយ ប្រពន្ធទប់ចិត្តមិនបានទាញកាំបិតកាប់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល ក្រោយ ខណៈដែលប្រពន្ធឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតមួយ ហើយទាស់ពាក្យសម្តី រករឿងវាយប្រពន្ធ ក្លាយជាហិង្សា ប៉ុន្តែត្រូវបានប្រពន្ធទាញយកកាំបិតផ្គាក់កាប់បុរសជាប្តីវិញ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកឱរ៉ាល់ បាននិយាយឲ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បង្កដោយឈ្មោះ អ៊ី សុភ័ណ្ឌ ហៅ កំប្រ៉ុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើប្ដីរបស់ខ្លួនឈ្មោះ អោម ឈួន ភេទប្រុស អាយុ៤៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ (ត្រូវមួយកាំបិតចំស្មា ខាងឆ្វេង) ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកបានបន្តទៀតថា មូលហេតុដែលប្រពន្ធទាញកាំបិតកាប់ប្តី បណ្ដាលមកពីរឿងភ្លើងប្រច័ណ្ឌ ទើបឈានទៅដល់កាប់ប្តី។ នគរបាលបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ប្រពន្ធឃើញប្ដីថតរូបជាមួយក្មេងស្រីម្នាក់ឈ្មោះ នី ដែលត្រូវជាក្មួយស្រីជីទួតមួយរបស់ខ្លួន ស្របពេលនោះប្ដីបានមកឱបលួងលោមប្រពន្ធ (ជនសង្ស័យ) តែប្រពន្ធមិនឲ្យឱប ក៏កើតចិត្តខឹង ហើយកើតមានអំពើហិង្សាប្ដី (ជនរងគ្រោះ) វាយទៅលើប្រពន្ធ ពេលនោះប្រពន្ធក្រឡេកឃើញកាំបិ.តផ្គាក់នៅក្បែរ ក៏រត់ទៅទាញយកកាំបិតកាប់ទៅកាប់លើប្ដី ត្រូវមួយកាំបិតចំស្មាខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធ ត្រូវបាននគរបាលឃាត់ និងដកហូតវត្ថុតាងកាំបិត យកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី