ក្រុម​ក្មេង​ទំនើង​ឆ្លើយ​ថា​៖ «​កា​​ប់​គឺ​ដើម្បី​កាត់​សាញ​»

ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​១០នាក់ ដែល​បាន​ធ្វើ​សកម្មភាពប្រើ​អំពើ​ហិង្សា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ និង​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​២​កន្លែង​ផ្សេង​គ្នា នៅ​យប់​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី ១១ ខែវិច្ឆិកា​ឆ្នាំ ២០២៣​។   លោក ពេជ្រ រ៉ី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង ពី​គ្រួសារ​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជា​ឲ្យ លោក ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​និង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន១០នាក់​។   លោក ស្នងការ​រង បាន​លំអិត​ពី​សកម្មភាព​ក្រុម​ក្មេង​ទាំងនោះ​ថា​៖ កាលពី​យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុង​ក្មេង​ទំនើង​ទាំងនោះ​មាន​គ្នា ប្រមាណ​ជាង​១០ នាក់ ជិៈ​ម៉ូតូ​៥ ទៅ ៦ គ្រឿង ទៅ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ នៅ​ចំណុច​រង្វង់​មូល​នាង​ស្មូនឆ្នាំង ស្ថិត​ភូមិ​ផ្លូវ​វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បណ្តាល ឈ្មោះ ថន សុខ​ខេន និង ឈ្មោះ ដាន់ វិបុល រស់នៅ​ភូមិ​ផ្លូវ​គោ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ រង​របួសធ្ងន់​។  ក្នុង​សកម្មភាព​នោះ​ដែរ ក្រុម​ជនសង្ស័យ​បាន​កាប់​នឹង​វាយ​ម៉ូតូ​ជន​រង​គ្រោះ ព្រមទាំង​កាប់​យក​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​បាត់​។ នៅ​យប់​ថ្ងៃ​ដដែល​នោះ​ដែរ​ក្រុម​ក្មេង​ទំនើង​ដដែល​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព ប្រើ​ហឹ​ង្សា​ដោយ​ចេតនា នៅ​ចំណុច​ផ្លូវ​លេខ ៥៣ ត្រង់​ផ្លូវបំបែក ផ្លូវ​វាង​ក្រុង ក្នុងភូមិ​ត្រោក​និង​ភូមិ​គល់​គុប ដោយ​បាន​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ទ​ន សុធា​វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ នឹង​ឈ្មោះ​អុល សំភាស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​2​នៅ​ភូមិ​គល់​គប់ ប៉ុន្តែ​សកម្មភាព​នោះ កាប់​មិន​ត្រូវ​ជន​រង​គ្រោះ​ទេ តែ​ក្រុម​ជនសង្ស័យ​បាន​កាប់​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង បណ្ដាល​ឲ្យ​ខូចខាត​និង​កាប់​យក​ស្លាក​លេខ​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​បាត់​។   លោក ពេជ្រ រ៉ី បាន​បន្ត​ថា​៖ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា សមត្ថកិច្ច​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់​។ ដោយ​បាន​ដកហូត​វត្ថុ​តាង រួម​មាន​៖ ម៉ូតូ​១ គ្រឿង​និង ស្លាក​លេខ​ម៉ូតូ ជន​រង​គ្រោះ​ចំនួន​៣ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា សមត្ថកិច្ច​នគរបាល​ព្រហ្មទ​ណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់​បន្ថែម​ទៀត ដោយ​ដកហូត​បាន ដាវ​ចំនួន​២​ដើម​។  ក្រោយ​ធ្វើការ​សាកសួរ​ក្រុម​ទាំង​១០​នាក់ បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​ករណី​ពិតមែន គឺ​នៅ​ចំណុច​ស្មូនឆ្នាំង​និង​នៅ​ចំណុច​ផ្លូវបំបែក​វាង​ក្រុង ។​ចំពោះ​មូលហេតុ នៃ​សកម្មភាព​ទាំង​២​ករណី គឺ​កាប់​ដើម្បី​កាត់សាញ ព្រោះ​ពួក​គេ​គ្មាន​ស្គាល់​ជន​ជន​រង​គ្រោះ និង​ក៍​គ្មាន​គំនុំ​អី្វ​នឹង​គ្នា​ដែរ ។ ជនសង្ស័យ​ទាំង១០នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​មុន​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​នេះ​៕ ​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង