រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធធំៗយ៉ាងហោចណាស់៥គម្រោង
តាមឯកសារដែលធ្លាយនៅក្នុងឆ្នាំក្រោយ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធធំៗយ៉ាងហោចណាស់៥គម្រោងធំៗ ដែលមានទឹកប្រាក់រាប់រយលានដុល្លារ ។ ដូច្នេះដីនៅតាមផ្លូវ និងស្ពានក្នុងគម្រោងនោះ អាចនឹងកាន់តែមានតម្លៃ។ អ្នកមានដីត្រូវដឹង រឿងនេះហើយប្រយ័ត្នលក់ខុសថ្លៃ។ ប្រភពដដែលនោះបានឲ្យដឹងថា នៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍ និងស្តារវិស័យហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តចំនួន១៦គម្រោង គឺគម្រោងដែលទាក់ទងនឹងផ្លូវ និងស្ពាន មានយ៉ាងហោចណាស់ចំនួន៥គម្រោងធំៗ ។ គម្រោងទាំងនោះ គឺមានទី១ គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ៌-ក្រុងប៉ោយប៉ែត ជំហានទី៣ ។ ទី២ គឺ គម្រោងពង្រីកកំណត់ផ្លូវជាតិលខេ៦ ក្នុងខេត្តសៀមរាប ពោលគឺត្រពាំងធំ -ស្លរក្រាម ។ ទី៣ គឺ គម្រោងសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រើយខាងកើតទន្លេមេគង្គដំណាក់កាលទី១ ដោយមានស្ពាន២កន្លែងឆ្លងកាត់កោះដាច់ និងផ្លូវ៣០ គម ។ ទី៤ គឺគម្រោងសាងសង់ផ្លូវជាតិលេខ ៧០ បេ ពោលគឺទន្លេបិទផ្លូវជាតិលេខ៧-ស្រីសន្ធរ-ព្រែកតាមាក់-ល្វាឯម-ពាមរក៍ ផ្លូវជាតិលេខ១១។ និងទី៥ គឺគម្រោងសាងសង់ផ្លូវជាតិលេខ ៥០ សេ ពីកំពង់ឆ្នាំងទៅកំពង់ធំ។ ពាក់ព័ន្ធនឹងគម្រោងទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហើបត្រួសៗហើយ ជាពិសេសគឺគម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៦ ក្នុងខេត្តសៀមរាប និងគម្រោងមួយចំនួននៅទិសខាងកើតរាជធានីភ្នំពេញ ។ សម្តេចធិបតីបានបញ្ជាក់ថា នេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលគំនិតនៃការអភិវឌ្ឍន៍ ដើម្បីបែងចែកផលលាភជូនប្រជាពលរដ្ឋនៅក្នុងចំណែកស្មើៗគ្នា ដោយគម្រោងអភិវឌ្ឍន៍ទាំងនេះ អាចផ្តល់ផលជាច្រើនតាំងពីការកម្សាន្ត ដឹកជញ្ជូន ធ្វើដំណើរ និងការអភិវឌ្ឍន៍ផ្សេងៗ រួមទាំងការងារធ្វើ ពាណិជ្ជកម្ម អាជីវកម្មឡើង ។ល។ ក្រៅពីគម្រោងសំខាន់ៗទាំងនេះ ក៏នៅមានគម្រោងកែលំអផ្លូវជនបទមួយចំនួនបន្ថែមទៀត នៅក្នុងគោលបំណងធ្វើយ៉ាងណាពង្រីក និងជំរុញការតភ្ជាប់នៅក្នុងប្រទេសកាន់តែមានភាពងាយស្រួល និងកាន់តែធំទូលាយ ។ ជាការពិត ការដាក់ចេញនូវគម្រោងទាំងនេះ វាគឺជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋភាគច្រើន ប៉ុន្តែពលរដ្ឋមួយចំនួននៅក្នុងតំបន់ដែលជួបគម្រោងនោះផ្ទាល់អាចនឹងរងទឹកភ្នែក ដោយសារតែគម្រោងទាំងនោះ ត្រូវប៉ះពាល់ ដី ផ្ទះ ចម្ការ និងជាទីជម្រក និងក៏ជាកន្លែងរស់នៅអាស្រ័យផលចិញ្ចឹមជីវិត ដូច្នេះអ្នកដែលពាក់ព័ន្ធក៏គួរតែរិះគិតសំណងឲ្យពួកគាត់អោយបានសមរម្យ ។ ក្រៅពីនោះ នៅក្នុងដំណាក់កាលសាងសង់ ពលរដ្ឋនៅតាមតំបន់ទាំងនោះ ក៏នឹងរងគ្រោះ ដោយសារតែផលរំខានផ្សេងៗ ជាពិសេសគឺការហុយ សម្លេង ផ្សែង ចេញពីគ្រឿងចក្រ និងដំណើរការសាងសង់ ក៏ដូចជាការធ្វើដំណើររបស់ពលរដ្ឋ ប៉ុន្តែក្រោយពេលដែលគម្រោងទាំងនេះបញ្ចប់នោះ ផលប្រយោជន៍នឹងឃើញផ្ទាល់ៗតែម្តង ។ ផលប្រយោជន៍ដែលនឹងបានទទួលក្រោយគម្រោងនេះបញ្ចប់ គឺការតភ្ជាប់កាន់តែច្រើន ដែល សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលានុផល កសិផល ចេញពីកន្លែងផលិតទៅកាន់ទីផ្សារ ដីធ្លីឡើងថ្លៃ ពោលគឺនៅពេលណាដែលតំបន់មានផ្លូវធំទូលាយ តំបន់នោះក៏នឹងមានការអភិវឌ្ឍន៍លឿន ដែលនឹងនាំដល់ទំនើបកម្មសម្រាប់សង្គមជីវភាពរបស់ពលរដ្ឋទាំងអស់គ្នា ។ សម្រួលដោយ ទៀង បុណ្ណរី