ចាប់បានបង្គារស្រស់មានជាតិគីមីនិងចាក់ចាហួយ ត្រូវមន្ត្រីយកទៅដុតកម្ទេច
ខេត្តកណ្ដាល ៖ បង្គារស្រស់ដែលមានផ្ទុកសារធាតុគីមីជាច្រើនកេស ត្រូវបានកម្លាំងជំនាញធ្វើការឃាត់បាន ខណៈដឹកតាមរថយន្តទួរីសមួយគ្រឿង ។ ជាក់ស្តែង យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCFបានឱ្យដឹងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿង ជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គារស្រស់ចំនួន១២៤កេស ដែលស្មើនឹង២,១៣០គីឡូក្រាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ។ ហើយជាលទ្ធផលនោះ មន្ត្រីជំនាញបានរកឃើញនូវសាធារតុគីមី (Formolin) ជាថ្នាំសម្រាប់ត្រាំសាកសព ដើម្បីរក្សាទុកបានយូរ កុំឱ្យស្អុយរលួយ និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន ។ បច្ចុប្បន្ន ចំពោះបង្គារទាំងអស់ ត្រូវមន្ត្រីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ ។ សម្រួលដោយ ទៀង បុណ្ណរី