សមត្ថកិច្ចចាប់ខ្លួនកូនអតីតមេឃុំ ក្រោយធ្វើសកម្មភាពប្លន់អ្នកលក់ចាប់ហួយ
ខេត្តកំពត ៖ កម្លាំងនគរបាលខេត្តកំពត សហការជាមួយនគរបាលនាយកដ្ឋាន រួមជាមួយនគរបាលស្រុកកំពង់ត្រាច កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១២ ខែវិច្ចិកា ២០២៣ បានធ្វើការឡោមពទ្ធ័ចាប់ជនសង្ស័យម្នាក់ ក្រោយជាប់ករណីប្លន់ប្រដាប់អាវុធទៅលើពលរដ្ឋម្នាក់ជាអ្នកលក់ចាប់ហួយ ។ ប្រភពឱ្យដឹងថា ជនសង្ស័យមានឈ្មោះអេង កុសល អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃតាព្រឹត ជាកូនប្រុសរបស់អតីតមេឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។ រីឯជនរងគ្រោះមានឈ្មោះសៅ សុភណ្ឌ័ ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរលក់ចាប់ហួយ រស់នៅជាប់ផ្លូវលេខ31 ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដែលសកម្មភាពប្លន់កើតឡើងកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៥ ខែវិច្ចិកា កន្លងមកថ្មីៗនេះ ។ ទោះបីជាបែបណា លោកឧត្តមសេនីយ៍ត្រីលក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌនគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះអេង កុសល ត្រូវបានចាប់ខ្លួនពីបទលួចមានស្ថានភាពទម្ងនទោស (ប្លន់ប្រដាប់អាវុធទៅលើពលរដ្ឋលក់ចាប់ហួយ) នៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ។ លោកឧត្តមសេនីយ៍ត្រីឱ្យដឹងទៀតថា ការប្រើហិង្សាកំហែងយកបានពីស្ត្រីរងគ្រោះមានខ្សែ.កប្លាទីនទម្ងន់5ជី និងកងដៃប្លាទីន១តម្លឹង1ជី និងចិញ្ចៀន១វង់ លុយ៤លានរៀល ទូរសព្ទ័ដៃមួយគ្រឿង។ លោកឧត្តមសេនីត្រីបានប្រាប់បន្តថា នៅមានគូកនរបស់គេម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។ នៅព្រឹកថ្ងៃទី១៥ ខែវិច្ចិកា នេះដែរ កម្លាំងនគរបាលខេត្តកំពតបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមានទូរសព្ទ័ដៃមួយគ្រឿងរបស់ស្ត្រីលក់ចាប់ហួយទៅកាន់តុលាការខេត្តកំពត ។ សម្រួលដោយ ទៀង បុណ្ណរី